ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់បាត់បង់ជីវិត ក្រោយធ្លាក់ពីលើដើមត្នោត

ភ្នំពេញៈ នៅវេលាម៉ោង ១១ និង៣០នាទីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ធ្លាក់ពីលើដើមត្នោត ស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះ បានកើតទ្បើងនៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ កាក គីម ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរជាអ្នកឡើងត្មោត សព្វថ្ងៃស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅ ភូមិច្រកភ្នំ ឃុំគោគរវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ពេលព្រឹកឡើងប្ដីរបស់គាត់ បានជិះម៉ូតូចេញមកឡើងដើមត្នោត ដូចសព្វដង ហើយគាត់តែងតែយកទឹកត្នោតមកវិញ នៅម៉ោងប្រហែល៩ ព្រឹកជារៀងរាល់ថ្ងៃ តែចម្លែកអីថ្ងៃនេះ ម៉ោង១១ ព្រឹកហើយ នៅមិនទាន់ត្រឡប់មកវិញទៀត ទើបគាត់ជាប្រពន្ធនិងកូនមកដើររកតាមកន្លែង ដែលប្ដីធ្លាប់ឡើងត្នោត ក៏ប្រទះឃើញប្ដីដេកស្លាប់ នៅក្បែរគុលត្នោតបាត់ទៅហើយ ។

ក្រោយទទួលបានដំណឹង សមត្ថកិច្ចបានចុះទៅដល់កន្លែង និងធ្វើកោសល្យវិច័យ ឃើញថាពុំមានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ ទើបប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

មតិយោបល់