ភ្នំពេញៈ តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី១២ ខែមេសា មានបុរសម្នាក់ បានរងរបួសប៉ោងមុខ បែកចិញ្ចើមយ៉ាងដំណំ ដោយសារតែយុវជនម្នាក់ ដាល់ចំកណ្ដាលមុខជាច្រើនដៃ នៅក្នុងពេលមានទំនាស់គ្នា បន្តិចបន្តួចប៉ុណ្ណោះ។
ហេតុការណ៍នេះ បានកើតទ្បើងនៅក្នុងការដ្ឋានសំណង់មួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើឈ្មោះ ឆៀក ទឺ អាយុ២៩ ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ ខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិត្បែង ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនបង្កឈ្មោះ ឌុម ឌឿន អាយុ២៣ឆ្នាំ ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា មានស្រុកកំណើតនៅក្នុងភូមិព្រៃស្រាំង ឃុំពាមរក៏ ស្រុកពារាំង ខេត្តព្រៃវែង។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសរងគ្រោះ និងជនបង្ក បានផឹកស៊ីដូចគ្មា ប៉ុន្តែនៅគ្រែផ្សេងពីគ្នា មិនមែនផឹកជាមួយគ្នានោះឡើយ លុះក្រោយមកមានស្រ្តីម្នាក់ ដែលត្រូវជាបងថ្លៃស្រីរបស់ជនរង គ្រោះបានទៅសុំបារីជនបង្កជក់ ខណៈនោះជនសង្ស័យ បាននិយាយថា មិនឲ្យទេម៉េចមិនទៅសុំពី អាមួយនោះទៅ (និយាយសម្ដៅទៅជនរងគ្រោះ)។ ពេលនោះដោយសារតែខ្លួនមានអាយុច្រើនជាង ជនរង គ្រោះ បាននិយាយទៅកាន់ជនដៃដល់ថា ប្អូនឯងហៅនរណាថា អាមួយនោះ ប្អូនឯងនិយាយឲ្យសមរម្យបន្តិចទៅ។ ភ្លាមៗនោះស្រាប់តែ ជនបង្កក៏ស្ទុះទៅដាល់ចំផ្ទៃមុខជនរងគ្រោះជាច្រើនដៃ បណ្ដាលឲ្យរងរបួសប៉ោងមុខ បែកចិញ្ចើម។
ក្រោយកើតហេតុ ជនរងគ្រោះខាងលើ បានធ្វើដំណើរទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍នគរបាលចោមចៅ សុំឲ្យជួយអន្តរាគមន៍ ហើយកម្លាំងនគរបាល ក៏បានចុះទៅធ្វើការចាប់ខ្លួនជនសង្ស័យ ខណៈដែលកំពុងអង្គុយផឹកស៊ី នាំទៅសាកសួរនៅប៉ុស្ដិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់