ព័ត៌មានជាតិ

លទ្ធផលលេងប៉ាតម្សៅ! ក្មេងស្ទាវ២ក្រុមកំពុងបើកឆាតប្រយុទ្ធគ្នាត្រូវនារីម្នាក់ដើរកាត់របួសធ្ងន់ ខូចម៉ូតូ៣គ្រឿង!

កណ្តាលៈ ស្ទាវ២ក្រុម ម្ខាងជាអ្នកស្ទាក់ផ្លូវលេងប៉ាតម្សៅ និងក្រុមម្ខាងទៀតជាអ្នកដំណើរ បានទាក់ពាក្យសម្តីគ្នា ឈានទៅដល់ការផ្ទុះហិង្សា បើកឆាតប្រយុទ្ធគ្នាផ្អើលអ្នកភូមិ ស្របពេលនោះក៏មាននារីម្នាក់ដើរកាត់ ត្រូវក្រុមក្មេងស្ទាវវាយចំបណ្តាលឲ្យរបួសចំផ្ទៃមុខ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង៥៨នាទីល្ងាចថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហ៊ំ ស្រីពៅ ភេទស្រី អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិឃុំកើតហេតុ(របួសផ្ទៃមុខ)។ ចំណែកជនសង្ស័យមានគ្នា២ក្រុម៖ ម្ខាងជាភាគីប៉ាតម្សៅមានគ្នាជាង១០នាក់ ស្គាល់ម្នាក់មានឈ្មោះ ផល រស្មី ហៅឡាយ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ (គេចខ្លួន) ក្រៅពីនេះពុំស្គាល់អត្តសញ្ញាណ ។ ចំណែកភាគីម្ខាងទៀត ខាងជិះម៉ូតូមានគ្នា១០នាក់ស្គាល់ម្នាក់មានឈ្មោះ ម៉ក់ សុខេង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ក្រៅពីនេះពុំស្គាល់ឈ្មោះ រស់នៅភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាងជាមួយគ្នា ។

មុនពេលកើតហេតុ ភាគីរបស់ឈ្មោះ ផល រស្មី បាននាំគ្នាលេងប៉ាតម្សៅ នៅលើផ្លូវជាតិ២១អា ពេលនោះមានភាគីរបស់ឈ្មោះ ម៉ក់ សុខេង បានជិះម៉ូតូចំនួន ៥គ្រឿង ដើរលេង លុះដល់ចំណុចប៉ាតម្សៅខាងលើ ក៏មានការឈ្លោះប្រកែក ប្រតាយប្រតប់ និងគប់ដុំថ្ម ទៅវិញទៅមក បណ្ដាលឲ្យត្រូវមុខឈ្មោះ ហ៊ំ ស្រីពៅ ដែលដើរកាត់កន្លែងកើតហេតុមានរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅមន្ទីរពេទ្យកាល់ម៉ែត។ ចំណែកឯភាគីជិះម៉ូតូក៏រត់ចោលម៉ូតូចំនួន ៣គ្រឿង ត្រូវបានភាគីប៉ាតម្សៅនាំគ្នាវាយកម្ទេចខូចខាតយ៉ាងដំណំ។

ភ្លាមៗនោះកម្លាំងប៉ុស្តិ៍សិត្បូ បានចេញអន្តរាគមន៍ ប៉ុន្តែភាគីទាំងសងខាង បានគេចខ្លួនបាត់តែម្ដង ហើយករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវប្រមូលផ្ដុំសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់