ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ ជាមុខសញ្ញាកាច់ក សោម៉ូតូ និងឆ្កឹះសោបន្ទប់យ៉ាងសកម្ម

ភ្នំពេញ: តាមសេចក្តីរាយការណ៍មកថា ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាច់សោ កម៉ូតូ និងឆ្កឹះសោបន្ទប់។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្សយទាំង២នាក់ ទី១មានឈ្មោះ រ៉េន ដារ៉ា ហៅវែង ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅតាមផ្លូវរថភ្លើង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងជនសង្ស័យទី២ឈ្មោះ នាង ណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះលេខ៦១ ផ្លូវរថភ្លើង ក្រុម៥ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

មុនឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងសមត្ថកិច្ចបានល្បាតការពារក្នុងមូលដ្ធាន លុះមកដល់នៅចំណុចផ្លូវបេតុង ក្រុម៥ ភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ ដោយមានការសង្ស័យ ក៏បានឃាត់ធ្វើការឆែកឆេរ ក្នុងនោះរកមានឃើញឧបករណ៍សម្រាប់កាច់សោ កម៉ូតូ និងដែកស្រួចតូចៗសម្រាប់ឆ្កឹះមេសោ ក៏ឃាត់ខ្លួនយកមកសាកសួរនាំនៅប៉ុស្តិ៍កាកាបតែម្តង។ ក្នុងនោះដែរ សមត្ថកិច្ចដកហូតបាន ម៉ូតូម៉ាកស្តេព ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1T-0107,សោសម្រាប់ កាច់សោ កម៉ូតូ,ដែកស្រួចចំនួន៣ដើម និងដែកសំប៉ែតចុងស្រួច។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់