ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ ករណីគ្រឿងញៀន នៅតាមមាត់ទន្លេ សង្កាត់ច្រាំងចំរេះ២

ភ្នំពេញ: ភ្នាក់ងារ Post News បានរាយការណ៍មកថា ជនសង្ស័យប្រុសស្រី ៣នាក់ ត្រូវសមត្ថកិច្ចខណ្ឌឫស្សីកែវ ធ្វើការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀនចំនួន ៧កញ្ចប់ ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ៥និង២០នាទីល្ងាច ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចសំណង់មិនមានរបៀបរៀបរយតាមមាត់ទន្លេ ក្រុម៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានទី១-ឈ្មោះ ម៉ាយ ហុង ភេទប្រុស អាយុ៤១ឆ្នាំ មានមុខរបរ មិនពិតប្រាកដ (ជួញដូរ), ទី២-ឈ្មោះ ង្វៀង ធីហា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មានមុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) បច្ចុប្បន្នអ្នកទាំង ២នាក់មានទីលំនៅផ្ទះកើតហេតុខាងលើ និងទី៣-ឈ្មោះ ម៉ាត់ ហ្វារីត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មានមុខរបរ នៅផ្ទះ (ប្រើប្រាស់) មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ។

សមត្ថកិច្ចបានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ គឺកម្លាំងសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ៣នាក់ ព្រមទាំងបានដកហូតម្សៅក្រាមពណ៌សថ្លាចំនួន ៧កញ្ចប់, ឧបករណ៍ប្រើប្រាស់មួយចំនួន និងម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេរី១៩៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ដ ៥៨៨៤ ភព១ ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៣នាក់ខាងលើរួចមក សមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅសាកសួរនៅប៉ុស្តិ៍នករបាលច្រាំងចំរេះ២ ។

ដោយនៅក្នុងប្រតិបត្តិការនេះ ត្រូវបានសមត្ថកិច្ចបិទបញ្ចប់នៅវេលាម៉ោង ៦និង៣០នាទីយប់ថ្ងៃដដែរ ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៣នាក់ខាងលើ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ចូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់