ភ្នំពេញៈ មនុស្សចំនួន៤នាក់បានរងរបួសធ្ងន់និងស្រាល ខណៈពេលដែល រថយន្តដឹកស៊ីម៉ង់ត៍១គ្រឿង បានបើកបុកគ្នាជាមួយរថយន្តដឹកទ្រុងមាន់មួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិសគ្នាពេញទំហឹង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ជាងព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចជិតសាលាសាលាកូរ៉េ ស្ថិតក្នុងភូមិស្រែរាជ្ជៈសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកមាន់ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ2A-3695 បើកបរដោយយុវជនមិនស្គាល់ឈ្មោះម្នាក់ និងមានអ្នកជិះរួមដំណើរនៅក្នុងនោះចំនួន៣នាក់ទៀតផងដែរ ហើយពួកគេបានរងរបួសទាំងអស់គ្នា មិនតែប៉ុណ្ណោះរថយន្តនេះបានរងការខូចខាតកំណាត់មុខទាំងស្រុងតែម្ដង។ ចំណែករថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-2721 របស់ក្រុមហ៊ុន HC អ្នកបើកបរបានរត់គេចខ្លួនបាត់រងការខូចខាតបែកធុងប្រេងនិងកំពិតទ្វារខាងឆ្វេង។
តាមប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តទាំង២គ្រឿងនោះ បានបើកបរធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយរថយន្តដឹកមាន់បើកបរក្នុងទិសដៅពីជើងទៅត្បូង។ ចំណែករថយន្តដឹកស៊ីម៉ង់ត៍បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ មិនដឹងថាមានបញ្ហាអ្វីនោះទេទើបបុកគ្នា ហើយទំនងរថយន្តដឹកមាន់បុកចំធុងប្រេងរបស់រថយន្តដឹកស៊ីម៉ង់ត៍ ព្រោះធុងប្រេងបែក ចំណែករថយន្តដឹកមាន់បានរងការខូចខាតយ៉ាងដំណំតែម្ដង។
ក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿង ត្រូវបាននគរបាលការិយល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ នាំទៅរក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
https://youtu.be/aa3uBBmmCY8
មតិយោបល់