កណ្តាលៈ ភ្នាក់ងារ Post News ប្រចាំខេត្តកណ្តាលបានរាយការណ៍មកថា យុវជនខ្មែរឥស្លាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពឆបោកយកម៉ូតូទៅបញ្ចាំយកលុយទៅទិញគ្រឿងញៀនជក់។
ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ គ្រឹស្នា ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ លក់សាំង ស្នាក់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល។ ចំណែកជនសង្ស័យឈ្មោះ សេម រីហ្វា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនប្រាកដ ស្នាក់នៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានទៅនិយាយសុំខ្ចីម៉ូតូពីជនរងគ្រោះម៉ាកហុងដា អឹមឌី៩០ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល1R-9194 ថា«ខ្ចីទៅផ្សារព្រែកក្តាមមួយភ្លែត» ហើយជនរងគ្រោះក៏ព្រមឲ្យម៉ូតូទៅបន្ទាប់មកជនសង្ស័យក៏បានជិះម៉ូតូជនរងគ្រោះយកទៅបាត់រហូតមិនឃើញត្រឡប់មកវិញ។ លុះដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១រសៀល ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកអធិការដ្ឋាននគរបាលស្រុកពញាឮ ប្តឹងពីឈ្មោះ សេម រីហ្វាពីបទ៖ ឆបោកម៉ូតូបន្ទាប់ពីទទួលបានពាក្យបណ្តឹង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលកំពង់លួង ហៅជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ហើយជនសង្ស័យបានសារភាពថា នៅថ្ងៃកើតហេតុខ្លួនបានខ្ចីម៉ូតូរបស់ជនរងគ្រោះទៅផ្សារឆ្លៀតឱកាស នោះជនសង្ស័យបានយកទៅដាក់បញ្ចាំបានប្រាក់៧០ដុល្លារនៅចំណុចភូមិគ្រួសសង្កាត់សំរោងខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ អ្នកទទួលបញ្ជាំមិនស្គាល់ឈ្មោះ ភេទស្រីស្គាល់មុខនិងទីតាំងផ្ទះ រួចហើយខ្លួនបានយកប្រាក់នោះទៅទិញថ្នាំញៀន និងដើរស៊ីចាយអស់តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីបន្តកសាងសំណុំរឿងចាត់ការ តាមនីតិវិធីច្បាប់៕
មតិយោបល់