ព័ត៌មានជាតិ

Update៖ ឃាត់ខ្លួនមេខ្លោងខែ្មរចិន៣នាក់ បម្រុងនាំនារីខ្មែរឆ្លងដែនដោយខុសច្បាប់ នៅផ្ទះសំណាក់ វ៉ាស៊ីនតោន

ភ្នំពេញៈ បុរសជនជាតិចិន២នាក់និងស្រី្តខែ្មរម្នាក់ជាមេខ្យល់ រួមនិងស្រី្តខែ្មររងគ្រោះ ចំនួន៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចុះបង្រ្កាប និងឃាត់ខ្លួនទាន់ពេល ខណៈដែលជនជាតិចិន បម្រុងនាំនារីជនជាតិខ្មែរទាំងនោះ ទៅប្រទេសចិន ឆ្លងដែនដោយខុសច្បាប់។

ប្រតិបត្តិការចុះបង្រ្កាបករណីជួញដូរមនុស្ស ដោយខុសច្បាប់នេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង១០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ វ៉ាស៊ីនតោន ដែលមានទីតាំងលេខ ២AE0 តាមបណ្ដោយផ្លូវ១១៨ ស្ថិតក្នុងភូមិ៩ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រុមជនសង្ស័យដែលឃាត់ខ្លួននោះ ទី១ឈ្មោះ SHI FASONG ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន(ចិន)លេខ E៨៩៩២៤៧៤៦ មុខរបរកម្មកររោងចក្រ។ ទី២ឈ្មោះ ZHANG ZHANDAO ភេទប្រុស អាយុ៣៣ឆ្នាំ ជាជនជាតិចិន កាន់លិខិតឆ្លងដែន(ចិន)លេខ E៩០០៣៧៥១០ មុខរបរកម្មកររោងចក្រ និងទី៣ ឈ្មោះ ម៉ន ផាន់ណា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ។ ចំណែកឯនារីរងគ្រោះ រួមមាន ទី១ឈ្មោះ ម៉ន ផាន់ណា អាយុ២៧ឆ្នាំ ទី២ឈ្មោះ ជន សាន អាយុ២៨ឆ្នាំ ទី៣ឈ្មោះ នួន ស៊ីម៉ី អាយុ២៤ឆ្នាំ។ អ្នកទាំង៣ មានស្រុកកំណើតនៅភូមិ-ឃុំបាត់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

នគរបាលបានបន្តទៀតថា បន្ទាប់ពីកម្លាំងជំនាញបានធ្វើការស្រាវជ្រាវដឹងថា ជនជាតិចិនទាំង២នាក់នេះ បានរៀបចំធ្វើសកម្មភាពប្រុងនាំនារីរងគ្រោះទាំង៣នាក់ខាងលើ ដើម្បីលួចនាំឆ្លងដែនទៅប្រទេសចិន ដោយខុសច្បាប់នោះ ដូច្នេះទើបកម្លាំងការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទាន់ពេលវេលាជាក់ស្តែងតែម្តង។

ក្រោយប្រតិបត្តិការ ជនសង្ស័យខ្មែរចិនទាំង៣នាក់ប្រុសស្រី ត្រូវបានកម្លាំងនគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ចំណែកនារីរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គមកិច្ចដើម្បីធ្វើការអប់រំ៕

មតិយោបល់