ព័ត៌មានជាតិ

សង្ស័យមានវិបត្តិផ្លូវចិត្ត នារីម្នាក់កាន់ដបស្រាផឹកបណ្ដើរ ដើរឡើងលើស្ពាន និងលោតទឹកសម្លាប់ខ្លួន តែត្រូវអ្នកនេសាទជួយទាន់

ភ្នំពេញៈ កាលពីវេលាម៉ោង ៤និង១០ទៀបភ្លឺថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានករណីនារីម្នាក់លោតទឹកសម្លាប់ខ្លួន ត្រង់ចំណុចស្ពានជ្រោយចង្វារចាស់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នារីខាងលើមានវ័យប្រហែល ២៥ឆ្នាំ ស្ពាយកាបូប និងដៃកាន់ដបស្រា។

មូលហេតុ៖ សង្ស័យមានវិបត្តិផ្លូវចិត្ត។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញនារីម្នាក់ ក្នុងដៃកាន់ដបស្រា និងស្ពាយកាបូប ដើរថ្មើរជើងពីរង្វង់មូលកាំភ្លើងកួចកាណុង សំដៅឡើងលើស្ពានជ្រោយចង្វារ ទាំងទឹកមុខស្រពោន ស្រាប់តែដើរដល់លើស្ពាននាងបានទុកដបស្រា រួចតោងបង្កាន់ដៃស្ពានលោតចុះទៅក្នុងទឹកទន្លេ បង្កភ្ញាក់ផ្អើលពលរដ្ឋកំពុងធ្វើដំណើរលើស្ពានស្រែកឆោឡោ រហូតឮដល់អ្នកនេសាទស្នាក់នៅលើទូកចេញជួយសង្គ្រោះ ស្រង់មកលើគោកភ្លាមៗ និងរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ដឹកនារីរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរបន្ត។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំង រួចធ្វើការឆែកឆេរកាបូបស្ពាយដែលនៅជាប់ខ្លួនរបស់ជនរងគ្រោះ ឃើញមានលុយខ្មែរលុយដុល្លារមួយចំនួនកាតចាក់វ៉ាក់សាំងដែលមានឈ្មោះ ភក្តី រស្មី មួយសន្លឹក និងសម្ភារៈមួយចំនួនទៀត ហើយក៏បានយកកាបូបនោះទៅរក្សាទុក ដើម្បីរង់ចាំជនរងគ្រោះត្រឡប់មកយកទៅវិញនៅពេលក្រោយ៕

មតិយោបល់