Post News Media ព័ត៌មានជាតិ ស៊យនោះស៊យ! ជិ...

ស៊យនោះស៊យ! ជិះម៉ូតូគេចពីគេដេញវាយប្លន់ទៅបុកតូបលក់ផ្លែឈើនិងម៉ូតូលក់មីឆា បណ្តាលឲ្យមនុស្ស៣នាក់របួស

ភ្នំពេញ: ជនសង្ស័យមួយក្រុម បានធ្វើសកម្មភាពជិះម៉ូតូ ដេញបម្រុងវាយប្លន់បុរសនារី៣នាក់ ដែលកំពុងជិះម៉ូតូមួយគ្រឿង តែមិនបានសម្រេច ក៏បណ្ដាលឲ្យភាគីខាងម៉ូតូជនរងគ្រោះ រេចង្កូតជ្រុលទៅបុកនឹងតូបលក់ផ្លែឈើមួយកន្លែង រួចបន្តទៅបុកនឹងម៉ូតូរម៉កលក់មីឆា បណ្ដាលឲ្យរងកាខូចខាតរបស់របរ មួយចំនួន និងបណ្តាលឲ្យបុរសម្នាក់ របួសធ្ងន់បាក់ជើងខាងឆ្វេង និង២នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង២៤នាទី យប់ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសម្ដីជនរងគ្រោះ បានប្រាប់Post Newsថា មុនពេលកើតហេតុ ពួកគាត់ទាំង៣នាក់ ទើបតែចេញពីក្លឹបមួយកន្លែង រួចក៏នាំគ្នាជិះម៉ូតូម៉ាកហុងដាសេ១២៥ មួយគ្រឿង ពណ៌ខ្មៅ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងទិសដៅពីលិចទៅកើត ដើម្បីទៅផ្ទះវិញ លុះដល់ចំណុចកើតហេតុក៏ត្រូវជនសង្ស័យមួយក្រុម មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងមិនស្គាល់ម៉ាក បានជិះមកប្រដេញពីក្រោយដេញវាយបម្រុងធ្វើសកម្មភាពវាយប្លន់ ធ្វើឲ្យពួកគាត់ភ័យខ្លាំងពេក ក៏ជិះម៉ូតូរេចង្កូតជ្រុលទៅបុកនឹងតូបផ្លែឈើដែលនៅតាមចិញ្ចើមផ្លូវបណ្តាលឲ្យខូចខាតខ្ទាតរប៉ាត់រប៉ាយពេញផ្លូវ រួចបន្តទៅបុកនឹងម៉ូតូលក់មីឆាបន្ថែមទៀត បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់បាក់ជើង និង២នាក់ទៀតរងរបួសស្រាល ចំណែកក្រុមជនសង្ស័យវិញ ឃើញដូចនោះក៏ប្រញាប់ដាក់មេប្រ៉ូចអស់តែម្តង។

ក្រោយពីកើតហេតុ ជនរងគ្រោះទាំង៣នាក់ត្រូវបានរថយន្ដសាមុយ ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ចំណែកម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ធ្វើការវាស់វែង យកទៅរក្សាទុកនៅខណ្ឌមានជ័យ រង់ចាំដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

Loading...