មណ្ឌលគិរីៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលវេលាម៉ោង១៩និង០៥នាទីយប់ ថ្ងៃសុក្រ ៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ៥៣និង៥៤ ផ្លូវជាតិលេខ ៧៦ គ្រោះថ្នាក់នេះរវាងរថយន្ត និងរថយន្តបើកបរក្នុងគោលដៅបញ្ច្រាស់ទិសគ្នា ដោយរថយន្តម៉ាកតូយូតាកាម៉ារីស្វិតបើកបរពីកើតទៅលិច ចំណែករថយន្តតូយូតាព្រូសបើកបរពីលិចទៅកើត ស្ថិតក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បណ្ដាលអោយស្លាប់០១នាក់នៅកន្លែងកើតហេតុ ។
១/.អ្នកបើកបររថយន្តម៉ាកតូយូតាកាម៉ារី ស្វិត ពណ៌ក្រហម គ្មានស្លាកលេខ ឈ្មោះ ណាង ស៊ីណាត ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីកន្លែងកំណើត ភូមិដាលិច ឃុំដា ស្រុកមេមត់ ខេត្តកំពង់ចាម ។
បច្ចុប្បន្នរស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ( ស្លាប់នៅកន្លែងកើតហេតុ ) ។
២/.អ្នកបើកបររថយន្តម៉ាកតូយូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខ មណ្ឌលគីរី 2B 3564 ឈ្មោះ សៀង ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នគរបាល បច្ចុប្បន្នរស់នៅ ភូមិ អូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (រងរបួសបានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យឯកជនខេត្តកំពង់ចាម )។
បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្ត យកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកែវសីមា ដើម្បីកសាងសំណុំរឿងតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់