ព័ត៌មានជាតិ

សួនច្បារមុខវត្តបុទុមវត្តី ត្រូវបានកែលម្អសារជាថ្មី ដើម្បីបំពេញតម្រូវការពលរដ្ឋ

ភ្នំពេញ: លោកប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញទៅពិនិត្យមើលសកម្មភាពជួសជុលកែលម្អសួនច្បារមុខវត្តបុទុមវត្តី ដែលកំពុងដំណើរការសម្រេចបានប្រមាណ២០%ហើយ។

លោកអភិបាល បានលើកឡើងថា ការជួសជុលកែលម្អនេះ គឹគ្មានអ្វីប្លែកក្រៅពីបំពេញតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនោះទេ។ កម្រាលសម្រាប់ថ្មើជើងនៅក្នុងបរិវេណសួនច្បារ ត្រូវបានប្តូរឥដ្ឋការ៉ូ មកជាថ្មក្រានិតវិញ ដែលមានសោភណ្ឌភាពល្អ និងធានាការប្រើប្រាស់បានយូរ រួមទាំងការរៀបខឿនចិញ្ចើមសួនផងដែរ។

ក្នុងនេះដែរ ក៏មានរៀបចម្បង្កើតជាសួនកុមារ មានទីលានសម្រាប់ការប្រគុំតន្ត្រី ឬការជួបជុំផ្សេងៗ សម្រាប់បុណ្យជាតិ អន្តរជាតិ និងកន្លែងហាត់ប្រាណជាដើម។ ជាមួយគ្នានេះ ក៏មានការសាងសង់បន្ទប់អនាម័យចំនួន២កន្លែងផងដែរ ដែលសកម្មភាពទាំងអស់នេះ ត្រូវសម្រេចឲ្យបានរួចរាល់នៅមុនបុណ្យអ៊ុទូកចុងឆ្នាំនេះ។

លោក ប៉ា សុជាតិវង្ស មានប្រសាសន៍ថា សាលារាជធានីភ្នំពេញ កំពុងធ្វើការកែលម្អសួនច្បារជាច្រើនកន្លែងទៀត ក្នុងរាជធានីភ្នំពេញ ដែលមាន៦៨កន្លែង ស្មើនឹង៦៩ហិកតា ដោយចាប់ផ្តើមពីភូមិសាស្រ្តខណ្ឌដូនពេញ។

មានសួនច្បារ និងរមណីយដ្ឋានមួយចំនួន ត្រូវបានសាលារាជធានីភ្នំពេញ ជួសជុលកែលម្អ ដោយប្តូរមករៀបចំក្រាលថ្មក្រានិតរួចមកហើយ ដូចជាសួនវិមានឯករាជ្យ រមណីយដ្ឋានវត្តភ្នំ និងសួនមុខវត្តបុទុមវត្តីនេះជាដើម ហើយក៏នៅមានសួនច្បារមួយចំនួនទៀត នឹងត្រូវធ្វើការកែលម្អឲ្យកាន់តែមានសម្រស់ស្រស់បំព្រងថែមទៀត។

មន្ត្រីជំនាញ ក៏ដូចក្រុមហ៊ុនម៉ៅការជួសជុលសួនច្បារខាងលើនេះ មិនអាចពន្យល់ពីលក្ខណ:បច្ចេទេសមួយចំនួន ដែលអ្នកសារព័ត៌មានចង់ដឹងនោះទេ ដោយប្រាប់ថា បើចង់ដឹងឲ្យទៅសួរមេ៕

photo_2016-05-17_14-44-46 photo_2016-05-17_14-44-45 photo_2016-05-17_14-44-44 photo_2016-05-17_14-44-43 photo_2016-05-17_14-44-42

មតិយោបល់