ព័ត៌មានជាតិ

សិស្សសាលាទួលសុវណ្ណរាម ទួលសង្កែម្នាក់ ចូលលេងហ្គេមទុកម៉ូតូចោល ត្រូវចោរលួចកាច់កម៉ូតូមិនបានសម្រេច

ភ្នំពេញៈ ក្មេងសិស្សម្នាក់ បាននាំគ្នាចូលលេងហ្គេម ដោយទុកម៉ូតូនៅខាងមុខ ក៏ត្រូវជនសង្ស័យមានគ្នា ៣នាក់ធ្វើសកម្មភាពកាច់កម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ក្រុម៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ម ដេវិត ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្សថ្នាក់ទី ៩E1 នៃអនុវិទ្យាល័យ ទួលសុវណ្ណរាម ទួលសង្កែ មានទីលំនៅផ្ទះគ្មានលេខ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់បានចេញពីសាលារៀន ដោយជិះម៉ូតូ មួយគ្រឿង ម៉ាក និត ពណ៌ខ្មៅ ស៊េរី២០១៧ គ្មានស្លាកលេខ ដោយបាននាំគ្នាចូលលេងហ្គេមបាញ់ត្រី មួយកន្លែងតាមបណ្តោយផ្លូវរថភ្លើង ខណៈពេលទៅដល់ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះខាងលើ ដោយបានចាក់ត្រឹមត្រូវ។ បន្ទាប់មក ពួកគេទាំង២នាក់ក៏បាននាំគ្នាចូលលេងហ្គេមនៅក្នុងផ្ទះនោះ ខណៈពេលកំពុងលេងបានប្រហែលជាងកន្លះម៉ោង រូបគេបានដើរចេញពីក្នុងផ្ទះហ្គេម គោលបំណងដើរទៅទិញទឹកសុទ្ធហូប ស្រាប់តែចេញមក មិនឃើញម៉ូតូរបស់ខ្លួនដែលទុកនៅមុខផ្ទះនោះទេ ហើយក៏មានការឆោឡោថា មានចោរលួចកាច់កម៉ូតូរបស់គេបាត់ហើយ ភ្លាមៗនោះ បានប្រទះឃើញជនសង្ស័យម្នាក់ជិះម៉ូតូជនរងគ្រោះយកទៅលាក់ទុកក្នុងបន្ទប់ជួលនៅក្បែរកន្លែងកើតហេតុ ហើយប្រជាការពារបានឌុបជនរងគ្រោះមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ នឹងចុះឆែកឆេរបន្ទប់ខាងលើ ក៏ឃើញម៉ូតូជនរងគ្រោះលាក់ទុកនៅក្នុងបន្ទប់នោះពិតប្រាកដមែន។

ក្រោយពីឆែកឆេររកឃើញម៉ូតូនៅក្នុងបន្ទប់ ជនសង្ស័យទាំងនោះ បាននាំគ្នារត់គេចខ្លួនបាត់សម្រាលអស់តែម្តង។ ចំណែកឯក្រុមជនសង្ស័យទាំង ៣នាក់នោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាម្នាក់ឈ្មោះ អាត្រូ ដែលជាម្ចាស់បន្ទប់ជួលលាក់ម៉ូតូខាងលើ ហើយក៏ជាមុខសញ្ញាកាប់វាយប្លន់យកម៉ូតូ និងទ្រព្យសម្បតិ្តពីប្រជាពលរដ្ឋ ហើយជនសង្ស័យទើបតែចេញពីពន្ធនាគារថ្មីៗនេះផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ នឹងតាមចាប់ខ្លួនជនសង្ស័យទាំង ៣នាក់ខាងលើមកផ្តនទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់