ព័ត៌មានជាតិ

រថយន្តដឹកកម្មករដាច់ម៉ែតចង្កូត ក្រឡាប់ធ្លាក់ផ្លូវបណ្តាលឲ្យកម្មករ៥នាក់របួស

កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងផែនសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តមួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកម្មករមួយគ្រឿង បានក្រឡាប់ធ្លាក់ពីលើផ្លូវ រូហូតបណ្តាលឲ្យមានកម្មករចំនួន៥នាក់ រងរបួសធ្ងន់និងស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៥៣នាទី ល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវពីសាលាស្រុកគងពសី ទៅត្រាំខ្នារ ខាងកើតភូមិអង្គក្រសាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបន្តថា រថយន្តដឹកកម្មករ ដែលដាច់ម៉ែតចង្កូតក្រឡាប់ផ្អៀងធ្លាក់ផ្លូវខាងលើនេះ បានបណ្តាលឲ្យកម្មករចំនួន៥នាក់របួស ក្នុងនោះមាន៣នាក់របួសធ្ងន់ និង២នាក់របួសស្រាល រួមមានទី១ឈ្មោះ ថោង ធឹម ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិស្នួល ឃុំស្នំក្រពើ (ធ្ងន់)។ ទី២ឈ្មោះ សិម លាប ភេទស្រី អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិត្រពាំងវែង ឃុំស្នំក្រពើ (ធ្ងន់)។ ទី៣ឈ្មោះ ភឿន សុខនី ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិត្រពាំងវែង ឃុំជាមួយគ្នា (ធ្ងន់)។ ទី៤ឈ្មោះ ង៉ែត យុន ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅភូមិស្នួល ឃុំជាមួយគ្នា(ស្រាល)។ ទី៥ឈ្មោះ ណេន សំភាស់អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិស្នួល ឃុំជាមួយគ្នា (របួសស្រាល)។ ចំណែកអ្នកបើករថយន្តមានឈ្មោះ ម៉ែន ធីម ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិត្រពាំងវែង ឃុំស្នំក្រពើគងពិសី។

អ្នកដែលរងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

មតិយោបល់