កំពង់ឆ្នាំងៈ លោក ប្រធានការិយាល័យចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តកាមរី ជិះដោយមនុស្សមួយគ្រួសារ បានបើកវ៉ារថយន្តដឹកទំនិញ រួចជ្រុលទៅបុកផ្ទប់នឹងរថយន្តក្រុងរបស់ក្រុមហ៊ុន ថោងស៊ីន ពេញទំហឹង ខ្ទាតរថយន្តកាមរីបន្តទៅបុកនឹងរថយន្តហ្វុយហ្សូមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យស្រុញរថយន្តចូលគ្នា គៀបមនុស្ស៤នាក់ ស្លាប់យ៉ាងរន្ធត់ក្នុងរថយន្ត និង៣នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទី យប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៨-៤៩ ត្រង់ចំណុចភូមិស្ពានពោធិ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺកើតឡើងរវាង
រថយន្តម៉ាកតូយ៉ូតាកាមរី ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2A-5416 បើកបរដោយឈ្មោះ ផន ភារី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិម្លូរម៉ឺន ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្តាល បើកបរក្នុងទិសដៅពីជើងទៅត្បូង ដោយមានដឹកអ្នកដំណើរជាក្រុមគ្រួសារចំនួន៧នាក់ ក្នុងនោះមានប្រុស៤នាក់ ស្រី៣នាក់ បានបើកបរ
ទ្បើងវ៉ារថយន្តដឹកទំនិញធុនធំ១គ្រឿង រួចជ្រុលល្បឿនទៅបុករថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-9712 ជារថយន្តក្រុង របស់ក្រុមហ៊ុន ថោង ស៊ីន ស្ថិតក្រោមសេវាធានារ៉ាប់រងកាមិនកូ (អ្នកបើកបររត់បាត់) បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា រួចខ្ទាតទៅបុកនឹងរថយន្តធំមួយគ្រឿងទៀត ម៉ាកហ្វុយហ្សូ ពណ៌ស្លែ ពាក់ស្លាកលេខ តាកែវ 3A-0590 ដែលកំពុងបើកបរមកពីក្រោយរថយន្តម៉ាកCamry ក្នុងដំណើរស្របទិស បណ្តាលឲ្យរថយន្តខាងលើ ស្រុញដែកកៀបចូលគ្នារហូតបណ្តាលឲ្យមានមនុស្ស៤នាក់ ក្នុងនោះមានស្រីម្នាក់ ស្លាប់នៅក្នុងរថយន្តយ៉ាងរន្ធត់ និងមនុស្ស៤នាក់ទៀតរងរបួសធ្ងន់។ រីឯរថយន្តទាំង៣គ្រឿងវិញ រងការខូចខាតស្ទើរទាំងស្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលជំនាញបានចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ ដោយបាននាំយក មធ្យោបាយធ្វើដំណើរទាំង៣គ្រឿង យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់។ ចំណែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់