ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប ខេត្តស្ទឹងត្រែង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់នៅផ្សារសាមគ្គី និងតាមផ្ទះលក់ទំនិញមួយចំនួនស្ថិតក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប ខេត្តស្ទឹងត្រែង បានធ្វើតេស្តរកកំហាប់អីយ៉ូតក្នុងអំបិលផងដែរ។
* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញអំបិលគ្មានអ៊ីយ៉ូតចំនួន ៥៥កញ្ចប់ រួមជាមួយផលិតផលទំនិញហួសកាលបរិច្ឆេទមានដូចជា៖
– ទឹកក្រូចដបតូច និងដបធំ ចំនួន ២៤ កេស និង ២ ដប ស្មើនឹង ២៤៣ គីឡូក្រាម
-បបរកូនក្មេង និងយ៉ាអ៊ួរ ចំនួន ១៥ ប្រអប់ ស្មើនឹង ២.៥ គីឡូក្រាម។
សរុបអំបិលគ្មានអ៊ីយ៉ូត និងផលិតផលហួសកាលបរិច្ឆេទ ដកហូតបានចំនួនសរុប ២៦៩ គីឡូក្រាម។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ រក្សាទុកដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់