ស្វាយរៀងៈ លោកប្រធានការិយាល័យជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់Post Newsថា កម្លាំងនគរបាលក្រុងបាវិត រួមនិងកម្លាំងការិយាល័យជួញដូរគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បន្តការស្រាវជ្រាវឆ្មក់បង្ក្រាបបានជនសង្ស័យម្នាក់ ក្រោយពីទទួលបានព័ត៌មានពីសមត្ថកិច្ចវៀតណាម ដកហូតបានថ្នាំញៀនជាង១៦គីឡូក្រាម។
ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង២០ ព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចបន្ទប់ផ្ទះសំណាក់ យីហោ ថៃ អាង ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា មុននឹងឈានដល់ការចុះបង្ក្រាបខាងលើ សមត្ថកិច្ចវៀតណាម បានធ្វើការឃាត់ខ្លួនបានជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់ នៅចំណុចច្រកទ្វាអន្តរជាតិបាវិត.ម៉ុកបាយ កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ។ តាមចម្លើយនឹងការផ្តល់ព័ត៌មានពីភាគីវៀតណាម សមត្ថកិច្ចនគរបាលក្រុងបាវិតបានស្រាវជ្រាវនឹងឆែកឆេរបន្ទប់ជួលផ្ទះសំណាក់ថៃ អាង ក្រុងបាវិត ឈានទៅដល់ការចាប់ខ្លួនបានជនសង្ស័យម្នាក់ទៀតតែម្តង ដោយធ្វើការដកហូតបានថ្នាំញៀនចំនួន៥០កញ្ចប់ ទម្ងន់ ១៦.៥០ គីឡូក្រាមបន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕




មតិយោបល់