ព័ត៌មានជាតិ

សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង ឃាត់ខ្លួនបានក្រុមចោរប្រើដាវគំរាមកាប់ប្លន់ម៉ូតូបាន២នាក់

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ដែលជាមុខសញ្ញាក្រុមចោរ ប្រដាប់ដោយដាវគំរាមកាប់ប្លន់ម៉ូតូពីប្រជាពលរដ្ឋ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង ធ្វើការឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

ជនសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះ រឹម វាសនា ហៅអាខ្លី ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួនបាននៅចំណុច ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ និងឈ្មោះ ប៉ែន ទយ ហៅអាកូឡា ឃាត់ខ្លួននៅចំណុចមុខវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ លួចមានស្ថានទម្ងន់ទោស ហិង្សាប្រើដាវគំរាមកាប់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៩និង២០នាទីយប់ នៅចំណុចមុខផ្ទះលេខ៣៥ ផ្លូវ៤៧៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

មិនតែប៉ុណ្ណោះជនសង្ស័យទាំង២នាក់នេះ មានការពាក់ពន្ធ័នឹងករណីលួចម៉ូតូម៉ាក ស្កុបពី ពណ៌សលាយលឿងខ្ចី នៅចំណុចក្នុងផ្ទះលេខ២១៧សេ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្រោយពីធ្វើការឃាត់ខ្លួន សង្ស័យបានឆ្លើយសារភាពថាខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួច និងប្លន់ម៉ូតូ ខាងលើប្រាកដមែន។ ចំណែកបក្ខពួកសេសសល់ចំនួន៣នាក់ ក្នុងសកម្មភាពខាងលើ មានឈ្មោះ ទី១ឈ្មោះ អាប៊ី ភេទប្រុស ,ទី២-អាតុលា ភេទប្រុស និងទី៣-មនុស្សប្រុស មិនស្គាល់ឈ្មោះ ។

ដកហូតបាន ម៉ូតូចំនួន២គ្រឿងម៉ាកស៊ុយសាគីនិច ពណ៌ស ១គ្រឿង និងមួយគ្រឿងទៀតម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូក និងស្លាកលេខក្លែងក្លាយកឹបជាប់ម៉ូតូ ស្កុបពី លេខ ភ្នំពេញ 1AM-8392។

បច្ចុប្បន្នចំពោះជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនបន្តទៀត ហើយជនសង្ស័យទាំង២នាក់ខាងលើ កំពុងកសាងសំណុំរឿងនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់