កណ្តាលៈ ភ្នាក់ងារ Post News បានរាយការណ៍មកថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យយុវជន២នាក់ របួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៦នាទី ព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជាចិនព្រែកក្តាម លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិ ទួលងោគ ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាកPAJERO ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ១៩៩៤ ពាក់ស្លាកលេខ ភ្នំពេញ2D-8564 បើកបរក្នុងទិសដៅពីត្បូងទៅជើង ភ្នំពេញទៅកំពង់ចាម អ្នកបើកបរបានរត់គេចខ្លួនបាត់ លុះពេលបើកបរមកដល់កន្លែងកើតហេតុ ក៏បត់ឆ្លងប្តូរគន្លងផ្លូវទៅឆ្វេងដៃក្នុងគោលបំណងឡើងស្ពានមិត្តភាពកម្ពុជាចិនព្រែកក្តាម ស្របពេលនោះក៏មានម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1P-8153 ជិះក្នុងទិសដៅពីជើងទៅត្បូង កំពង់ឆ្នាំងមកភ្នំពេញ ក្នុងល្បឿនលឿន ដោយឈ្មោះ ឃឿង ធី ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិត្រពាំងស្មាច់ ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងរបួសបាក់ជើងឆ្វេង និងអ្នករួមដំណើរឈ្មោះស៊ន ស៊ីម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្លែង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង រងរបួសក្បាលជង្គុងខាងឆ្វេង បានមកដល់ ធ្វើឲ្យរថយន្តនិងម៉ូតូបុកគ្នាចំពេញទំហឹងតែម្តង បណ្តាលឲ្យអ្នកជិះម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានសមត្ថកិច្ច ដែលប្រចាំការនៅស្ពានមិត្តភាព កម្ពុជា-ចិន ព្រែកក្តាម ទាក់ទងហៅរថយន្តសង្គ្រោះដឹកបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកស្រុកពញាឮភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ ធ្វើការគូសដៅ វាស់វែងកន្លែងកើតហេតុ រួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ៕
មតិយោបល់