កំពង់ចាមៈ លោកអធិការរងទទួលផ្នែកយុត្តិធម៌ នៃអធិការរដ្ឋាននគរបាលស្រុកចម្ការលើ បានប្រាប់Post Newsថា មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្ត្រីម្នាក់ ដែលរកស៊ីខាងគ្រាប់ស្វាយចន្ទី បានប្រឌិតរឿងដែលខ្លួនត្រូវចោរប្លន់លុយ ដើម្បីឲ្យអ្នកដែលខ្លួនជំពាក់មានការអាណិតចំពោះខ្លួន តែផ្ទុយទៅវិញ ត្រូវសមត្ថកិច្ចស្រាវជ្រាវដឹងរឿងរ៉ាវពិត ក៏ធ្វើការឃាត់ខ្លួន ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។
ហេតុការណ៍នៃការប្រឌិតនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ២២២ ខាងជើងថ្នល់បំបែក ស្ថិតនៅក្នុងភូមិថ្នល់បំបែក ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលប្រឌិតរឿងរ៉ាវ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនខាងលើ មានឈ្មោះ ឡេង សុជាតា (ហៅហេង) អាយុ២៥ឆ្នាំ ស្នាក់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
លោកអធិការរង បានបន្តថា មុនពេលកើតហេតុ គឺស្ត្រីខាងលើ បានមកប្តឹងសមត្ថកិច្ច ថាខ្លួនត្រូវបានចោរធ្វើសកម្មភាពប្លន់យកលុយបានសម្រេចនៅចំណុចកើតហេតុខាងលើ។ ក្រោយពីទទួលបានពាក្យបណ្តឹងនេះរួចមក កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកចម្ការលើ បានបើកការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ទើបដឹងថា មិនមានករណីប្លន់កើតឡើង ដូចដែលស្ត្រីខាងលើប្តឹងសមត្ថកិច្ចនោះទេ ទើបស្ត្រីខាងលើបានសារភាពថា ខ្លួនប្រឌិតរឿងរ៉ាវទាំងអស់នេះឡើង ព្រោះខ្លួនជំពាក់លុយគេក្នុងការជួញគ្រាប់ស្វាយចន្ទី ច្រើន ម្យ៉ាងគ្មានលុយទៀតនោះ ក៏ប្រឌិតរឿងនេះតែម្តង ដើម្បីធ្វើឲ្យម្ចាស់បំណុលគេអាណិតចំពោះខ្លួន។
តែទោះបីជាយ៉ាងណា ដោយសារតែករណីនេះ គឺស្ត្រីខាងលើ ប្រឌិត បំប៉ោងសភាពការណ៍ ធ្វើឲ្យមានភាពចលាចលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ច ជាហេតុធ្វើឲ្យអសណ្តាប់នៅក្នុងមូលដ្ឋាន ទើបសមត្ថកិច្ចសម្រេចធ្វើការឃាត់ខ្លួនស្ត្រីខាងលើ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់