ព័ត៌មានជាតិ

Update៖ឌុបគេក្នុងតម្លៃ៣ពាន់រៀល បែរជាឌុបចំចោរបាញ់២គ្រាប់ប្លន់ម៉ូតូទៅបាត់ នៅក្នុងសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញៈ មានករណីប្លន់ប្រដាប់អាវុធមួយបានកើតឡើង ដោយក្រុមចោរបានធ្វើសកម្មភាពបាញ់ចំនួន២គ្រាប់ ប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុបម្នាក់បានសម្រេច បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរបួសបែកមេជើង ចំណែកក្រុមចោរបាននាំគ្នាជិះគេចចេញទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទី យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខឃ្លាំងមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើ មានឈ្មោះ ព្លី សុខលន ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ស្នាក់នៅក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយម៉ូតូដែលត្រូវក្រុមចោរបាញ់ប្លន់យកទៅនោះ ម៉ាក ហុងដាឌ្រីមសង់ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពញ 1FL-0648 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានរត់ម៉ូតូដូចសព្វដង ខណៈនោះស្រាប់តែមានជនសង្ស័យចំនួន២នាក់ បានហៅម៉ូតូឌុបគាត់ជិះ ចេញពីលូប្រាំ ឆ្ពោះមកភូមិឬស្សីខាងលើ ដោយឲ្យតម្លៃចំនួន៣០០០ រៀល លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពរឹតក ជនរងគ្រោះបណ្តាលឲ្យប្រតាយប្រតប់គ្នា ហើយភ្លាមៗនោះជនសង្ស័យម្នាក់ បានដកកាំភ្លើងបាញ់១គ្រាប់ ធ្វើឲ្យគាត់ភ័យ រួចបាញ់១គ្រាប់បន្ថែមទៀត ចំមេជើងខាងឆ្វេងរបស់គាត់ បណ្តាលឲ្យរបួសហូរឈាម រួចប្រញាប់លើកម៉ូតូរបស់គាត់ជិះចេញទៅបាត់អស់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមតែ ហៅម៉ូតូឌុបផ្សេងទៀត ជិះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចតែប៉ុណ្ណោះ ៕

មតិយោបល់