ព័ត៌មានជាតិ

មង្គលការមិនពិសាគ្រឿងស្រវឹង ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញៈ ពិធីមង្គលការជាទូទៅនៅព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នកំពុងលើកទឹកចិត្តឲ្យមនុស្សប្រើប្រាស់គ្រឿងស្រវឹង ទាំងដែលពួកគេក៏ដឹងដែរថា ការសេពគ្រឿងស្រវឹង ហើយបើកបរយានយន្តអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសរាប់រយនាក់ក្នុងមួយថ្ងៃៗ។ ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បានធ្វើការចែករំលែកតៗគ្នា នូវធៀបការមួយដែលបានអញ្ជើញភ្ញៀវចូលរួមក្នុងពិធីសិរីមង្គលរបស់ខ្លួន ដោយបញ្ជាក់ថា “សូមអភ័យទោស! កម្មវិធីអាពាហ៍ពិពាហ៍យើងខ្ញុំ មិនពិសាគ្រឿងស្រវឹងទេ”។

តាមការចែករំលែកតៗគ្នា និងការបញ្ចេញទស្សនៈពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ពួកគេយល់ឃើញថា កម្មវិធីមង្គលការ ដែលមិនប្រើប្រាស់គ្រឿងស្រវឹង សម្រាប់ទទួលភ្ញៀវ គឺជារឿងល្អ ហើយគួរលើកទឹកចិត្តឲ្យពលរដ្ឋ ឬគូស្រករដទៃទៀត ធ្វើតាម។ ពួកគេលើកឡើងថា ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតមនុស្សរាប់លាននាក់ក្នុងមួយឆ្នាំៗ។ នៅកម្ពុជា អត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃពី៦ ទៅ៧នាក់។ នេះបើតាមរបាយការណ៍របស់នគរបាលជាតិ។

គណនីហ្វេសប៊ុក (Account Facebook) ឈ្មោះ ស្រី មុំ បានបញ្ចេញមតិ (comment) ដោយយល់ឃើញថា ការមិនផឹកគ្រឿងស្រវឹង គឺអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ហើយមិនបង្កឲ្យមានទំនាស់ក្នុងគ្រួសារ និងសង្គម។ ស្រី មុំ សរសេរថា “កាមិនផឹកគ្រឿងស្រវឹង កាត់បន្ថយគ្រោះថ្នាក់ មិនមានទំនាស់ក្នុងគ្រួសារនិងសង្គម”។ រីឯគណនីឈ្មោះ ស្រ មោល វិញយល់ឃើញថា បើសិនពិធីមង្គលការ អាចមិនប្រើប្រាស់គ្រឿងស្រវឹងសម្រាប់ទទួលភ្ញៀវ វាជារឿងល្អ ព្រោះរាល់ថ្ងៃមនុស្សស្លាប់ច្រើនណាស់ ដោយសារគ្រឿងស្រវឹង។ គណនីឈ្មោះ ស្រ មោល លើកឡើងថា “បើចឹងមែនល្អហើយ រាល់ថ្ងៃនេះ ស្លាប់ច្រើនណាស់ ដោយសារស្រវឹងនឹង!!!”។

មិនខុសពីគណនីឈ្មោះ ស្រី មុំ និងស្រ មោល ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ly Deth បានលើកឡើងថា ករណីខាងលើនេះ ធ្លាប់មានអ្នកធ្វើរួចហើយ ហើយក៏ល្បីពេញហ្វេសប៊ុកដែរ ប៉ុន្តែនេះ ជាគំរូល្អមួយសម្រាប់សង្គមកម្ពុជា។ Ly Deth បានលើកឡើងថា “ប្រាកដជាមានគេធ្វើរួចហើយល្បីពេញហ្វេសប៊ុកទៀតផង ហើយក៏ជាគំរូល្អមួយក្នុងសង្គមប្រសិនបើគេស្រលាញ់រាប់អានយើងពិតប្រាកដគេពិតជាមកចូលរួមតែបើសិនជាអត់សុរាផឹកគេមិនមកនោះមានន័យថា គេទុកយើងមិនស្មើនឹងស្រាមួយកំប៉ុងឡើយ”។

របាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញឲ្យដឹងថា នៅឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ចំនួន៤៥៩៥លើក សម្លាប់មនុស្សចំនួន២២៦៥នាក់ (ជនបរទេស២០នាក់) របួសមនុស្ស៧៥១០នាក់(របួសធ្ងន់៤៤១៣ករណី ជនបរទេស១២០នាក់)។

មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ច្រើនជាងគេ គឺកត្តាមនុស្សរួមមាន បើកបរលើសល្បឿន ការសេពគ្រឿងស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ ប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម។ គិតជាមធ្យមក្នុងមួយថ្ងៃ មានគ្រោះថ្នាក់ចរាចរណ៍១២លើក សម្លាប់មនុស្ស ៦នាក់ និងរបួសប្រមាណ២០នាក់៕

Wedding090516

មតិយោបល់