ព័ត៌មានជាតិ

ផ្លូវងងឹតហើយបើកលឿនទៀត! រថយន្តមិនចាំម៉ាកបើកបុកម៉ូតូពេញទំហឹង ស្លាប់២នាក់នៅនឹងកន្លែង

កំពង់ស្ពឺ: លោក តាប់ លន ស្នងការរងផែនសណ្តាប់ធ្នាប់ផ្នែកចរាចរណ៍ បានប្រាប់Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តមិនចាំម៉ាកបុកម៉ូតូពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទី យប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៣៨-៣៩ ត្រង់ចំណុចខាងលិចស្ពានអូក្រាំអំបិល ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោកស្នងការបានបន្តថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាក់ ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកម៉ូតូ១គ្រឿងម៉ាក់ស្មាសរ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1U-3747 អ្នកជិះមិនស្គាល់ឈ្មោះនិងអ្នករួមដំណើរមិនស្គាល់ឈ្មោះ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យអ្នកជិះម៉ូតូទាំង២ស្លាប់នៅកន្លែងកើតហេតុ។ចំណែករថយន្តបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងហេតុ ធ្វើកំណត់ហេតុនិងបានប្រគល់សាកសពទាំង២នាក់ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺយកទៅរក្សាទុករកសាច់ញាតិ។

ចំពោះវត្ថុតាងម៉ូតូ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរ បាលស្រុកសំរោងទង។ ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់