ឧបមាថា លោកអ្នកហៀបនឹងចេញពីផ្ទះ ឬការិយាល័យធ្វើការ នៅរយៈពេល ២០ នាទីទៀត ខណៈថ្មទូរសព្ទរបស់ខ្លួនសល់ត្រឹមតែ ៤-១០% លោកអ្នកប្រាកដជា ចង់ឱ្យសាកថ្មរបស់វាឱ្យឆាប់ពេញបំផុតហើយ ដើម្បីអាចបន្តការប្រើប្រាស់នៅខាងក្រៅ។ បើឋិតក្នុងកាលៈទេសៈដូចនេះមែន លោកអ្នកអាចអនុវត្តតាមគន្លឹះ ៥ ខាងក្រោមនេះបាន។

១– ប្រើឆ្នាំងសាកមានគុណភាព និងថាមពលខ្លាំង
លោកអ្នកអាចប្រើឆ្នាំងសាករបស់ពពួក iPad ឬ Tablet ដែលមានគុណភាព ដែលជាឆ្នាំងសាកមកពីនាយ ឬរបស់ក្រុមហ៊ុនផ្ទាល់ ដើម្បីសាកទូរសព្ទរបស់ខ្លួនបាន។ ព្រោះវាអាចបញ្ចូនថាមពលចូលទៅថ្មទូរសព្ទបានខ្លាំងជាងឆ្នាំងសាកទូរសព្ទធម្មតា។ តាមការសាកល្បង ការប្រើឆ្នាំងសាក iPad ជាមួយ iPhone វាអាចសាកថ្មបានពេញលឿនជាងប្រហែលមួយម៉ោង ហើយក៏មិនប៉ះពាល់ដល់អាយុកាលរបស់ថ្មទូរសព្ទដែរ។

២– បើក Plane mode និង Ultra-Saving mode ពេលសាក
ធ្វើបែបនេះ វានឹងបិទផ្តាច់ដំណើរការកម្មវិធីនានាក្នុងទូរសព្ទ មិនឱ្យវាស៊ីថាមពលថ្មតទៅទៀត។ ម្លោះហើយ ថាមពលអគ្គីសនីដែលរត់ចូលថ្មទូរសព្ទ គឺមិនមានការបាត់បង់ទៅណាទាំងអស់។ ប៉ុន្តែ ប្រសិនបើលោកអ្នកបារម្ភខ្លាចខកខានការហៅទូរសព្ទចូលណាមួយ អាចបើកត្រឹមតែ Ultra-Saving mode បានហើយ។

៣– ដោះសម្បកចេញ
ការដាក់សាកថ្មទូរសព្ទទាំងវាស្រោបដោយសម្បកជ័រ ឬអាលុយមីញ៉ូមក្រាស់ៗ ក៏អាចពន្យឺតចរន្តរត់ចូលក្នុងទូរសព្ទមួយកម្រិតផងដែរ។ ដូច្នេះ ចង់មិនចង់ ដើម្បីឱ្យថ្មសាកឆាប់ពេញក្នុងថេរវេលាដ៏ខ្លី លោកអ្នកគួរតែដោះវាចេញ។ ព្រោះពេលទូរសព្ទឋិតក្នុងលក្ខខណ្ឌត្រជាក់ វានឹងជួយសម្រួលឱ្យថាមពលរត់ចូលក្នុងទូរសព្ទបានកាន់តែលឿនរហ័ស។

៤– ទុកទូរសព្ទចោល កុំប៉ះពាល់
បើចង់ឱ្យថ្មទូរសព្ទសាកឆាប់ពេញ សូមលោកអ្នកកុំចុចប្រើវានៅពេលកំពុងសាកឱ្យសោះ ពោលគឺ បិទវាចោល ហើយមិនចាំបាច់មើលថាវាសាកបានប៉ុន្មានភាគរយហើយនោះទេ ពីព្រោះ រាល់ពេលដែលលោកអ្នកចុចអេក្រង់បើកម្តងៗ ថាមពលថ្មនឹងថមថយទៅតាមនោះជាមិនខាន។
៥– ប្រើដុំសាកថ្មតូចៗជំនួយ
ជាវិធីចុងក្រោយ លោកអ្នកគួរតែមានដុំសាកថ្មតូចមួយដាក់តាមខ្លួន ដូចជាដុំសាក Anker PowerCore mini។ ដុំសាកនេះ អាចសាកបំពេញថាមពលថ្មទូរសព្ទ iPhone 6s ដោយប្រើពេលត្រឹមតែ ២ ម៉ោងប៉ុណ្ណោះ ហើយងាយស្រួលទុកដាក់ក្នុងហោប៉ៅថែមទៀតផង៕
ប្រភពព័ត៌មានៈ zdnet
មតិយោបល់