ភ្នំពេញៈ ដោយមើលឃើញពីកំណើនសេដ្ឋកិច្ច និងជំហ៊ានវិនិយោគនៅក្នុងប្រទេសកម្ពុជា មានរីកចំនរើនគួរឱ្យកត់សម្គាល់ និងមានជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគក៏ដូចជាមានការលើកទឹកចិត្តពីរាជរដ្ឋាភិបាលផងនោះ វិនិយោគិនបរទេសជាច្រើនបានមកបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ក្នុងនោះប្រទេសចិនបានក្លាយជាប្រទេសឈានមុខគេក្នុងការមកវិនិយោគនៅកម្ពុជា ពួកគេបានស្នើឱ្យមានការធ្វើចរាចរណ៍នូវប្រាក់យ័នចិនឱ្យបានទូលំទូលាយដូចគ្នានិងប្រាក់ដុល្លារអាមេរិក ក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ អគ្គនាយកក្រុមខ្មែរហូលឌីងគ្រុប បានលើកជាសំនួរថា តើប្រាក់យ័នរបស់ចិនអាចធ្វើចរាចរណ៍ទូលំទូលាយនៅក្នុងប្រទេសកម្ពុជាបានដែរឬទេ បើអាចនៅពេលណា? ការលើកជាសំនួរនេះឡើងទំនងជាចេតនាចង់ឱ្យប្រាក់យ័នចិន អាចធ្វើចរាចរណ៍បានដូចប្រាក់ដុល្លារអាមេរិកព្រោះថាមានក្រុមហ៊ុនចិនច្រើនណាស់ដែលបានមកបណ្តាក់រកស៊ីនៅកម្ពុជា ពួកគេអាចនឹងជួបនូវបញ្ហាប្រឈមក្នុងកិច្ចដំណើរការវិនិយោគរបស់ខ្លួននាពេលកន្លងមក។ ការលើកដូច្នេះបានធ្វើឡើងនៅក្នុង វេទិកាហិរញ្ញវត្ថុកម្ពុជា-ចិន ដែលបានធ្វើនៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៦ នៅសណ្ឋាគារ សូហ្វីតែល។
លោកឧកញ៉ាបានជម្រាបជូនថា “ ក្រុមហ៊ុនរបស់លោកបានមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាជាង៨ឆ្នាំមកហើយ ក្នុងនោះបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនិងបានរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ចនៅកម្ពុជាផងដែរ“។
ឱកាសនៃការអភិវឌ្ឍន៍ និងបញ្ហាប្រឈម អាចនិយាយបានថា រលកនៃវិបត្តហិរញ្ញវត្ថុពិភពលោកនៅបក់បោកក្នុងតំបន់អាស៊ីនៅឡើយ ធ្វើឱ្យកំណើនសេដ្ឋកិច្ចនិងការរីកចំរើនវិស័យឧស្សាហកម្ម របស់អាស៊ីមានការធ្លាប់ចុះ”។
ប៉ុន្តែតាមការចង្អុលបង្ហាញពីមន្រ្តីរដ្ឋាភិបាលកត់សម្គាល់ឃើញថាការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជាមានស្ថេរភាពល្អ ដែលកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់៧ភាគរយវាសក្តិសមនិងឈ្មោះដែលADBហៅថាជាខ្លាសេដ្ឋកិច្ចអាស៊ី។
លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានលើកឡើងទៀតថា ចំពោះបញ្ហាប្រឈមសម្រាប់ប្រទេសតាមដងទន្លេមេគង្គក្នុងវិស័យទូរគំនាគមន៍ និងវិស័យផ្សេងៗទៀតនៅមានភាពទន់ខ្សោយនៅឡើយតួយ៉ាងវិស័យទេសចរណ៍ ដឹកជញ្ជូន ធានារ៉ាប់រង ចរាចរណ៍ ដែលទាមទារឱ្យពង្រឹងខ្លួនឱ្យបានល្អ។ ហើយការកសាងហិរញ្ញវត្ថុគឺជាកត្តាចម្បង ព្រោះវិស័យនេះជាសក្កដានុពលដ៏សំខាន់នៃការកសាងនិងលើកកម្ពស់សេដ្ឋកិច្ចប្រទេស។
ចំពោះការលើកឡើងរបស់អ្នកវិនិយោគខាងលើលោក គិម វ៉ាដា ប្រធានអគ្គនាយកនៃអគ្គនាយកដ្ឋានត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាកំពុងអនុវត្តនូវស្តង់ដាអន្តរជាតិ អតីតៈកាលរបស់កម្ពុជាប្រើដុល្លារូបនីយកម្ម ដែលនោះមិនមែនជាគោលនយោបាយរបស់រដ្ឋនោះទេ គឺបានកើតឡើងនៅឆ្នាំ១៩៩៣ក្នុងសម័យអ៊ុនតាក់ ពលរដ្ឋកម្ពុជាមានដុល្លារចាយស្ទើរគ្រប់គ្នា និងបានក្លាយជាទំលាប់មួយដែលពិបាកនិងប្តូរ ពេលនោះលុយរៀលមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយរាជរដ្ឋាភិបាលមិនចាប់បង្ខំបញ្ឈប់ដោយកម្លាំងច្បាប់នោះទេ។
យ៉ាងណាលោកថា “បើលុយដុល្លារចាយវាយបាននៅកម្ពុជា រឿងអីលុយបរទេសមិនអាចធ្វើចរាចរបានដោយទូលាយនោះ បញ្ហានេះមិនសំខាន់លើបំណងឬអត្តនោម័តរបស់រដ្ឋាភិបាលឬធនាគារកណ្តាលនោះទេ សំខាន់លើអ្នកចាយ គេចាយឬមិនចាយ ។ ឆ្លងតាមកិច្ចសហការល្អរវាងប្រទេសទាំង២កម្ពុជា-ចិន គួរតែមានកិច្ចពិភាក្សាណាមួយលើការចាយវាយលុយចិននេះ ដោយអង្គុយនិយាយគ្នាតាមរយៈធនាគារ ដើម្បីប្រាក់យ័នចិនមានរង្វិលក្នុងការចរាចរណ៍ តាមលក្ខខណ្ឌនិងគោលការណ៍ច្បាប់៕
មតិយោបល់