ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយបើករបូតកង់ រេទៅបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង

តាកែវ: លោកអធិការរងស្រុកសំរោង បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត បុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទី យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ៤៨-៤៩ ក្នុងភូមិរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

លោកអធិការបានបន្តថា​ ជនរងគ្រោះមានឈ្មោះ ឡុង បូ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កសិករ ស្នាក់នៅភូមិខ្សាច់លប់ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3C-0099 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរបូតកង់ក្រោយខាងឆ្វេង រេទៅបុកម៉ូតូជនរងគ្រោះ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1V-4983 ពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ចំណែករថយន្តត្រូវបានសមត្ថកិច្ចឃាត់ទុកនៅមុខវត្តប្រាសាទនាងខ្មៅ អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុករង់ចាំការដោះស្រាយគ្នាពេលក្រោយ។ ចំណែក សាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់