កណ្តាលៈ កាលពីវេលាម៉ោង១១និង០០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ ចំណុចមុខផ្សាររកាកោង ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ គុណ ផល្លា ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ ហុន សំអូន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
សម្ភារៈបាត់បង់៖ ១.ម៉ូតូម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៦ ពាក់ផ្លាកលេខកណ្ដាល 1H.8864 ចំនួន០១ គ្រឿង។
ដំណើររឿង៖ សភាពនៃរឿងហេតុ កើតនៅវេលាម៉ោង១០និង៤០នាទី ជនរងគ្រោះបានជិះម៉ូតូទៅផ្សាររកាកោង ដើម្បីទិញឥវ៉ាន់យកមកលក់ ។ លុះទៅដល់ផ្សារ បានទុកម៉ូតូនៅមុខផ្សារ ដោយមិនបានចាក់សោកនោះទេ ។ រួចបានដើរចូលទៅក្នុងផ្សារ ដើម្បីទិញឥវ៉ាន់ ប្រហែល១០នាទីក៏ដើរចេញមកវិញ ស្រាប់តែមិនឃើញម៉ូតូ ក៏ស្រែកឆោឡោឡើងហើយមានអ្នកលក់ដូរ នៅក្បែរនោះប្រាប់ជនរងគ្រោះថា ចាំមើលបន្តិចសិនទៅ ក្រែងមានអ្នកច្រឡំជិះយកទៅ ។
ជនរងគ្រោះនៅឈរចាំប្រហែល១៥នាទី មិនមានដំណឹង បានសុំម៉ូតូអ្នកស្គាល់គ្នាជិះទៅផ្ទះ ដើម្បីយកកាតគ្រីម៉ូតូ។ លុះដល់វេលាម៉ោង១១និង៣០នាទី ជនរងគ្រោះបានយកកាតគ្រីម៉ូតូ ដែលបាត់នោះ ទៅប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរកាកោងទី១ ។ ភ្លាមនោះលោកនាយប៉ុស្តិ៍បានប្រាប់ជនរងគ្រោះថា មុននឹងបន្តិចមានគេទូរស័ព្ទប្រាប់ថា ភិន
ភាគម៉ូតូនឹងមានគេជិះច្រឡំយកទៅផ្ទះនៅព្រែកដំបង លោកនាយប៉ុស្តិ៍បានទំនាក់ទំនងទៅ អ្នកដែលបានរាយការណ៍ប្រាប់នោះថា ឲ្យអ្នកដែលយកម៉ូតូគេទៅនោះ យកម៉ូតូឲ្យម្ចាស់គេវិញនៅប៉ុស្តិ៍រកាកោង ។
លុះមិនឃើញយកម៉ូតូមកវិញ ជនរងគ្រោះឱ្យនាយប៉ុស្តិ៍ ជូនទៅផ្ទះអ្នកដែលរាយការណ៍ប្រាប់ ពេលទៅដល់អ្នកដែលបានរាយការណ៍នោះ ក៏ជូនលោកនាយប៉ុស្តិ៍និងជនរងគ្រោះទៅផ្ទះអ្នក
ដែលយកម៉ូតូនោះ ពេលទៅដល់មិនឃើញម៉ូតូ ឃើញតែជនសង្ស័យ ។ បន្ទាប់មកលោកនាយប៉ុស្តិ៍ បានយកជនសង្ស័យទៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ដើម្បីសួរនាំ ។ មកដល់ប៉ុស្តិ៍ ជនរងគ្រោះបានព្យាយាមទំនាក់ទំនងទៅឪពុកម្ដាយរបស់ជនសង្ស័យ ដើម្បីឱ្យមកដោះស្រាយនិងជួយរកម៉ូតូមកឲ្យវិញ ឪពុកម្ដាយជនសង្ស័យបានឆ្លើយថា គាត់មិនដឹងឮទេ យកជនសង្ស័យទៅណាយកទៅ ឮដូច្នេះជនរងគ្រោះ បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល រកាកោងទី១តែម្ដង ។
ចំពោះជនសង្ស័យដែលមានភាពស្រវឹងស្រា មិនអាចសួរនាំបាន ហើយបច្ចុប្បន្នជនសង្ស័យ បានយកទៅដាក់ឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តសួរនាំ ។
ករណីនេះប៉ុស្តិ៍និងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់