ភ្នំពេញៈ យោងតាមផេកផ្លូវការ របស់គណនីបណ្តាញសង្គមរបស់ «ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ» បានឲ្យដឹងថា កាលពីវេលាម៉ោង ៨និង៤៥នាទី ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ លោកអនុនាវីឯក ម៉ៅ សុវណ្ណដា នាយនាវី ប្រចាំការព័ត៌មានសន្តិសុខលម្ហសមុទ្រ នៅមជ្ឈមណ្ឌល IFC ប្រទេសសឹង្ហបុរី បានទទួលព័ត៌មានអំពី ករណីបុរសជនជាតិខ្មែរម្នាក់ ដែលអះអាងថា បានលោតចេញ ពីទូកនេសាទថៃ រួចហែលទឹកដោយប្រើធុងស្ពេត្រូមួយ បំណងគេចពីការតាមសម្លាប់ពីអ្នកនេសាទលើទូកជាមួយគ្នា។
បុរសនេះ ត្រូវបានសង្គ្រោះដោយនាវាកងទ័ពជើងទឹកប្រ៊ុយណេ DARUSSALUM ដែលបាននិងកំពុងធ្វើដំណើឆ្ពោះមកប្រទេសសឹង្ហបុរី ដោយឆ្លងកាត់ដែនទឹកម៉ាឡេស៊ីនៅចំណុច Lat 5 40.178N Long 111 16.866E ភាគពាយព្យនៃកោះ Sarawak ប្រមាណ១៧៥គ.ម។
បុរសនេះមានឈ្មោះ វឿន វ៉ុន អាយុ៣៦ឆ្នាំ (នៅលីវ) មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប បានមកធ្វើការនៅទូកនេសាទឈ្មោះ ថាឡេថង១ (Taley thong 1) មានក្រុមហ៊ុននៅបាក់ណាមប្រទេសថៃ។
គាត់បានបញ្ជាក់ថា គាត់ដាច់ចិត្តលោតចោលទូក គឺមកពីមនុស្សទាំងអស់ព្យាយាមចាក់សម្លាប់គាត់ ដោយមិនដឹងមូលហេតុ និងបានយកតែធុងស្ពេត្រូ មួយសម្រាប់ហែលប៉ុណ្ណោះ។
លោក វឿន វ៉ុន បច្ចុប្បន្នមានសុវត្ថិភាព និងស្ថិតក្នុងការមើលថែរបស់នាវិកប្រ៊ុយណេនៃនាវា DARUSSALUM ដែលនិងមកចូលចតនៅមូលដ្ឋានកងនាវាចរ សឹង្ហបុរីនាថ្ងៃទី១៣ខាងមុខនេះ ក្នុងបំណងចូលរួមលំហាត់ហ្វឹកហ្វឺននៅសប្ដាហ៍ក្រោយ។
ជាមួយគ្នានេះដែរភ្នាក់ងារប្រចាំការនៅសឹង្ហបុរី កំពុងតែសហការជាមួយស្ថានទូតប្រទេសប្រ៊ុយណេ ដើម្បីរៀបចំបញ្ជូនមនុស្សមកកាន់កម្ពុជាវិញ និងសហការជាមួយភាគីថៃចាត់វិធានការចំពោះក្រុមហ៊ុន ក៏ដូចជាទូកដែលជាប់ពាក់ព័ន្ធផងដែរ៕


មតិយោបល់