ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៥សុខៗ ក៏ដាច់ទុយោសាំងឆេះផ្អើលទាំងព្រឹក

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ុយសាគីស្តេប ខណៈដែលកំពុងជិះសុខៗ ស្រាប់តែដាច់ទុយោសាំងធ្លាក់ហូរលើម៉ាស៊ីនឆេះផ្អើលទាំងព្រឹក ប៉ុន្តែសំណាងល្អមិនមានអ្នកណារងរបួស។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខផ្ទះលេខ៥១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ម៉ូតូមានឈ្មោះ អ៊ឹម រដ្ឋា ភេទប្រុស អាយុ ៥៣ឆ្នាំ មុខរបរ ម៉ៅការសំណង់ ស្នាក់នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មានពីម្ចាស់ម៉ូតូបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាកស៊ុយសាគីស្តេប ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1V-0222 ចេញពីផ្ទះ ដើម្បីទៅធ្វើការនៅភ្នំពេញ ដោយបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង ខណៈដែលជិះមកដល់ចំណុចកើតហេតុខាងលើ មានស្ត្រីម្នាក់អាយុប្រហែលជាង៣០ឆ្នាំ ជិះម៉ូតូមកក្រោយបានឃើញផ្សែងហុយៗ និងមានអណ្តាតភ្លើងឆាបឆេះចេញពីលើម៉ាស៊ីនខាងក្រោមគូទ។ ភ្លាមៗនោះ ម្ចាស់ម៉ូតូបានមើលក្រោយ ស្រាប់តែឃើញមានអណ្តាតភ្លើងឆាបឆេះចេញមកយ៉ាងខ្លាំង ហើយរូបគាត់បានលោតចោលម៉ូតូតែម្តង។

ក្រោយមក ក៏ត្រូវបងប្អូនប្រជាពលរដ្ឋដែលនៅក្បែរនោះ បាននាំគ្នាយកទុយោទឹកមកបាញ់ និងអ្នកខ្លះទៀតយកបំពង់ពន្លត់អគ្គីភ័យយកមកបាញ់ ទើបមិនអាចឆេះរាយដាលដល់កន្លែងផ្សេងទៀត៕

មតិយោបល់