ភ្នំពេញៈ លោកមេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បានប្រាប់Post Newsថា ជនសង្ស័យចំនួន៧នាក់ ក្នុងនោះមានក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវបានអាវុធហត្ថខណ្ឌដូនពេញ ធ្វើការចាប់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរគ្រឿងញៀន ដកហូតបានថ្នាំញៀនចំនួន៣៤កញ្ចប់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទី ល្ងាច ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្នុងសង្កាត់បឹងកក់១ (រោងចក្រឆ្នាំង) ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៧នាក់ ទី១.ឈ្មោះ សាយ សំម្ភពវិច្ឆការ ហៅនីហ្សា ភេទស្រី អាយុ៩ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ, ទី២.ឈ្មោះ ភុំ សារួន ភេទស្រី អាយុ៥១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ, ទី៣.ឈ្មោះ មួយ ចំរើន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ,ទី៤.ឈ្មោះ សាន សុភ័ក្រ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ,ទី៥.ឈ្មោះ ឈឿន ពៅ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ,ទី៦.ឈ្មោះ ធុន ដារ៉ា ភេទស្រី អាយុ២១ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ និងជនសង្ស័យទី៧.ឈ្មោះ ប៉េង ពៅ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ក្រាមសថ្លាសរុបចំនួន៣៤កញ្ចប់,ម៉ូតូចំនួន៣គ្រឿង និងទូរស័ព្ទចំនួន៧គ្រឿង។
ក្នុងចំណោមជនសង្ស័យខាងលើ មានម្នាក់ជាអនិតិជន ឈ្មោះ សាយ សម្ភពវិច្ចការ ភេទស្រី អាយុ៩ឆ្នាំ ដែលកម្លាំងអាវុធហត្ថទើបតែបង្រ្កាបបានកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១៧ ហើយបានបញ្ជូនទៅសាលាខណ្ឌ ដើម្បីបន្តទៅមន្ទីរសង្គមកិច្ច ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផងស្រាប់តែចេញមកលក់វិញដដែល។
បច្ចុប្បន្នអនិតិជនខាងលើ ត្រូវបានបញ្ជូនទៅសាលាខណ្ឌដូនពេញ ដើម្បីបញ្ជូនបន្តទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញជាលើកទី២ រីឯជនសង្ស័យ៦នាក់ទៀតនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថរាជធានីដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មតិយោបល់