ព័ត៌មានជាតិ

លួចកាបូបអ្នកលក់ក្អម អស់លក្ខ័ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាបូបអ្នកលក់ក្អម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទី រសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុច វត្តពោធ្យារាម ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ទន់ ផល្លី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាអ្នកដើរលក់ក្អមឆ្នាំងដី មានទីលំនៅ ភូមិបាញ់ឈ្គោល ឃុំជ្រៃបាក់ស្រុក រលៀប្អៀ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យមានឈ្មោះ ថន ពេជ្ជរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅវេលាម៉ោង៧យប់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះបានបើក រម៉កម៉ូតូ ដឹកក្អមឆ្នាំងដី ដែលធ្វើអំពីដី មកឈប់សម្រាកនៅចំណុចខាងលើ លុះដល់វេលាម៉ោង៤ភ្លឺ ថ្ងៃទី១៤ខែឆ្នាំដដែល ទើបជនរងគ្រោះបានភ្ញាក់ដឹងខ្លួនឡើង ក៏ដឹងខ្លួនថាបានបាត់កាបូបស្ពាយមួយ ដោយនៅក្នុងកាបូបនោះមានទូរសព្ទដៃ១គ្រឿង ចិញ្ចៀន១វង់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ២សន្លឹក និងប្រាក់ជាង៥ម៉ឺនរៀល លុះវេលាម៉ោង៧ ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំ ភ្លាមនោះកម្លាំងប៉ុស្តិ៍បានទៅរកមុខសញ្ញាសង្ស័យឃើញនៅតាមផ្លូវ ក៏បានហៅមកសាកសួរនៅប៉ុស្តិ៍ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានលួចសម្ភារ:ខាងលើនោះពិតមែន ។

ចំណែកសម្ភារ:រកឃើញ តែទូរស័្ពដៃ និង ចិញ្ចៀនទេ ក្រោយពេលសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់