ព័ត៌មានជាតិ

រថយន្តទេសចរដឹកអ្នកដំណើរ 555 បើកធ្លាក់ផ្លូវបណ្តាលឲ្យស្ត្រីម្នាក់រួមនិងព្រះសង្ឃ២អង្គរបួស

រតនគិរី: លោក វរសេនីយ៍ទោ មឿង សារិទ្ធ ប្រធានការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីមានរថយន្តទេសចរ ដឹកអ្នកដំណើររបស់ក្រុមហ៊ុន 555 មួយគ្រឿង បានបើកធ្លាក់ផ្លូវ បណ្តាលឲ្យស្ត្រីម្នាក់ រួមនឹងព្រះសង្ឃ២អង្គ រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥និង១០នាទី ព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចគីឡូម៉ែត្រលេខ៥៣២ បណ្តោយផ្លូវជាតិលេខ៧៨ ក្នុងភូមិ១ ឃុំត្រពាំងច្រេស ក្នុងខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង បន្ទាប់ពីមានរថយន្តទេសចរដឹកអ្នកដំណើររបស់ក្រុមហ៊ុន 555 មួយគ្រឿង ម៉ាកហ្វត ពណ៌ស បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវខាងលើ លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើ បានបើកធ្លាក់ផ្លូវ រហូតបណ្តាលឲ្យមានស្ត្រីម្នាក់ រួមនឹងព្រះសង្ឃ២អង្គ ដែលរួមដំណើរក្នុងរថយន្តរងរបួស។ ចំណែកអ្នកបើករថយន្តបង្កវិញ បានបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

ក្នុងនោះ ជនរងគ្រោះទី១ឈ្មោះ សុខី ភេទស្រី អាយុ២៨ឆ្នាំ , ទី២ឈ្មោះ ឆេង ហៃ អាយុ១៣ឆ្នាំ រស់នៅភូមិក្បាលស្ពាន យុំក្បាលស្ពាន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងទី២ឈ្មោះ ថា អាចាថាវី អាយុ៧០ឆ្នាំជនជាតិថៃ រស់នៅវត្តស្រះកែវប្រទេសថៃ។

ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់