ព័ត៌មានជាតិ

រថយន្តមួយគ្រឿងបុក បុរស២នាក់ស្លាប់ បើករត់ទៅទិសខាងកើត តាមបណ្តោយផ្លូវជាតិលេខ៤‬

កណ្តាល: បុរស២នាក់ ដែលគេស្គាល់ថា ចុងភៅតុការ ត្រូវរថយន្តមិនស្គាល់មុខមួយគ្រឿង បុកស្លាប់ទាំង២នាក់ ខណ:ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤‬ កាលវេលាម៉ោង២និង២០នាទី ទៀបភ្លឺឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០-២១ ស្ថិតក្នុងភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

សាក្សីនៅកន្លែងកើតបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត (ពីខេត្តកំពង់ស្ពឺ ឆ្ពោះទៅភ្នំពេញ) លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមិនស្គាល់ម៉ាក បើកច្រាស់ទិសគ្នា បុកម៉ូតូជនរងគ្រោះពេញមួយទំហឹង បណ្តាលឲ្យម៉ូតូដួលបោកជនរងគ្រោះ ទៅលើផ្លូវស្លាប់យ៉ាងអណោចអធ័ម ទាំង២នាក់តែម្តង បន្ទាប់ពីកើតហេតុភ្លាមថយន្តបង្ក បើកបោះពួយទៅទិសខាងលិច ឥតងាកក្រោយបាត់ស្រមោល។

ជនរងគ្រោះស្លាប់បាត់បង់ជីវិតនោះ ត្រូវបានសមត្ថកិច្ចឲ្យដឹងថាទី១-ឈ្មោះ តាន់ ងួន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ ចុងភៅតុការ មានទីលំនៅក្នុងភូមិផ្លុកដូនស ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ជាអ្នកបើកបរម៉ូតូ) ទី២-ឈ្មោះ ប៉ុន វណ្ណី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ចុងភៅតុការ មានទីលំនៅក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជាអ្នករួមដំណើរ)។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះម៉ាកស៊ុយហ្ស៊ូគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Y-5208 ត្រូវបានរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល រីឯ សាកសពក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

13245507_1116708565039482_239626592709814810_n 13239224_1116708545039484_3238337769077423308_n 13240148_1116708558372816_4446041296848366860_n

មតិយោបល់