ភ្នំពេញៈ សមត្ថកិច្ចខណ្ឌដូនពេញ បានឆ្មក់ចុះឆែកឆេរដល់ទីតាំងប្រើប្រាស់ និង ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្ទះលេខ ២០ ភូមិ១៦ ក្រុម២០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្របួចបានក្រុមជួញដូរនិងចែកចាយនូវសារធាតុញៀនខុសច្បាប់ ២នាក់ប្ដីប្រពន្ធ ដកហូតបានសារធាតុញៀនក្រាមសថ្លារដែលស្គាល់ថាជាប្រភេទ ម៉ាទឹកកក ចំនួន៩កញ្ចប់តូចធំ និង សម្ភារៈប្រើប្រាស់មួយចំនួនទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទី នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះលេខ២០ ភូមិ១៦ ក្រុម២០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីយប់ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ លោក ងិន ពេជ ដឹកនាំដោយលោក វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ ជាអធិការបានដឹកនាំកម្លាំងចុះត្រួតពិនិត្យ ឆែកឆេ ដល់ទីតាំងប្រើប្រាស់ និង ចែកចាយដោយខុសច្បាប់នូវសារធាតុញៀន នៅត្រង់ចំណុចផ្ទះលេខ ២០ ភូមិ១៦ ក្រុម២០៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជាលទ្ធផលត្រួតពិនិត្យឃើញ សមត្ថកិច្ចធ្វើការដកហូតបាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀនចំនួន៩កញ្ចប់ (៨កញ្ចប់តូច និង១កញ្ចប់ធំ),ថង់ប្លាស្ទិចតូចមួយចំនួនធំ,ក្រដាសអាលុយមីញ៉ូម១ដុំ,ដែកកេះចំនួន២,បំពង់កែវចំនួន២,កន្ត្រៃ ១
,បំពុងបឺត ១ដុំ (ទុយោ),ទូរសព្ទដៃចំនួន២គ្រឿង ម៉ាក សាំសុង ពណ៌ស,កាបូបដៃ ពណ៌ខ្មៅចំនួន។
ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ កែវ ចំរើន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ជាប្តី), ទី២.ឈ្មោះ សារ៉ាន់ នី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាប្រពន្ធ) បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់