ព័ត៌មានជាតិ

បង្ក្រាបករណីចែកចាយគ្រឿងញៀន១លើក ឃាត់ខ្លួនជនសង្ស័យ៣នាក់

ព្រះសីហនុ: នៅវេលាម៉ោង១៦ និង៣០នាទី ល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកព្រៃនប់ បានចុះប្រតិបត្តិការ បង្ក្រាបករណី ចែកចាយគ្រឿងញៀន១លើក ស្ថិតនៅចំណុចបេនឡាន ភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយធ្វើការឃាត់ខ្លួន ជនសង្ស័យបានចំនួន៣នាក់ ហើយបានធ្វើការ ចាប់យកវត្ថុតាងមួយ ចំនួនរួមមាន៖
១/. ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ចំនួន៥កញ្ចប់ ២/. ថ្នាំគ្រាប់ពណ៌ផ្កាឈូក ចំនួន២គ្រាប់
៣/. ទូរស័ព្ទដៃ ចំនួន៤គ្រឿង ៤/. ដែកកេះ ចំនួន៣, ៥/. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន២
៦/. ប័ណ្ណបើកបរ ចំនួន១ ៧/.ប័ណ្ណម៉ូតូ ចំនួន១, ៨/. លុយខ្មែរ១៥ម៉ឺនរៀល

ក្រោយពីឃាត់ខ្លួនហើយ ជនសង្ស័យទាំង៣នាក់នេះ ត្រូវកម្លាំងអាវុធហត្ថ បញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្ត ដើម្បីធ្វើការសាកសួរ។ បន្ទាប់ពីធ្វើការសាកសួរ រួចមក មន្ត្រីកងរាជអាវុធហត្ថ ក៏បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ នេះមានឈ្មោះ៖
១. កែវ ផល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត
២. ស្វាយ បូលីកា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បើកឡានរោងចក្រ កម្មករមានទីលំនៅ ភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ
៣. ង៉ែត ចម្រើន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកសិករ មាន ទីលំនៅ ភូមិត្រពាំងខ្យង ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។

មន្ត្រីដដែលបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីអាវុធហត្ថ សាកសួរចម្លើយរួចមក ជនសង្ស័យទាំង៣នាក់នោះ បានឆ្លើយសារភាពថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកមកលក់ចែកចាយ ឲ្យមិត្តភ័ក្រ្ត នៅតាមភូមិ ជក់បន្តពិតប្រាកដមែន។

ជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

photo_2016-08-18_11-54-54 photo_2016-08-18_11-54-59 photo_2016-08-18_11-55-01 photo_2016-08-18_11-55-03 photo_2016-08-18_11-55-07

មតិយោបល់