ព័ត៌មានជាតិ

សុំម៉ែទៅទិញខោអាវ ឆ្លៀតចូលផឹកទឹកត្នោតជូរ ត្រូវក្រុមក្មេងទំនើង៥នាក់កាប់របួសធ្ងន់ ដេរ២០ថ្នេរ

ភ្នំពេញៈ យុវជន៣នាក់ បានសុំម្តាយទៅទិញខោអាវស្លៀកពាក់នៅផ្សារដំបូលខៀវ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ពេលជិះម៉ូតូមកទិញឆ្លៀតនាំគ្នាចូលផឹកទឹកត្នោតជូរមួយកន្លែង ស្រាប់តែលេចមុខ ក្រុមក្មេងទំនើងមានគ្នាចំនួន៥នាក់ជិះម៉ូតូ២គ្រឿងមកកាប់ចាក់ ទៅលើពួកគេបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ដេរអស់២០ថ្នេរ ភ្លាមៗនោះនគរបាលបានចាប់ខ្លួនជនបង្កបាន២នាក់ និងបក្ខពួកផ្សេងទៀតរត់គេចខ្លួនបាត់អស់។

ហេតុការណ៍ភ្ញាក់ផ្អើលមួយនេះបានកើតនៅយប់ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅម្តុំរោងលក់ទឹកត្នោតជូរមួយកន្លែង ក្នុងភូមិទួលពង្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នាយប៉ុស្តិ៍ស្តីទីនគរបាលប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ស្តី ទីណា ហៅសីហា អាយុ១៩ឆ្នាំ មុខរបរដឹកក្រណាត់រោងចក្រស្នាក់នៅ ភូមិទួលពង្រ សង្កាត់ចោមចៅ ស្រុកកំណើត ខេត្តព្រៃវែង។ និងទី២ឈ្មោះ អួន ឡន អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខ ស្នាក់កន្លែងធ្វើការ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ភូមិព្រែកអំបិល ឃុំព្រែកថ្មី ស្រុកស្អាង ខេត្តកណ្តាល។
ចំណែកជនរងគ្រោះ ឈ្មោះ វេង សុធារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សមានទីលំនៅ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ខាងលើបានសុំម្តាយថាមកទិញសម្លៀកបំពាក់ នៅឯផ្សារដំបូល
ខៀវ រួចហើយពួកគេក៏បានជិះម៉ូតូ១គ្រឿងចេញមកពីផ្ទះ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបាននាំគ្នាចូលទៅផឹកទឹកត្នោតជូរសិនមុននឹងទិញសម្លៀកបំពាក់ ខណៈកំពុងអង្គុយផឹកស៊ីបានមួយសន្ទុះ ស្រាប់តែលេចមុខក្រុមជនបង្កមាន៥នាក់ជិះម៉ូតូ២គ្រឿងចូលមកកាប់លើជនរងគ្រោះរបួសម្នាក់ត្រូវ១ដាវចំក្បាល បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ភ្លាមៗនោះសមត្ថកិច្ចចុះទៅអន្តរាគមន៍ ចាប់បានជនសង្ស័យ២នាក់និងបក្ខពួក៣នាក់ផ្សេងទៀតបានរត់គេចខ្លួនបានស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនជនបង្កមកប៉ុស្តិ៍នគរបាលចោមចៅដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់