ចាប់តាំងពីក្រុមហ៊ុន HMD Global ប្រកាសប្តេជ្ញាស្តារកិត្តិសព្ទរបស់ម៉ាកសញ្ញាទូរសព្ទ Nokia ក្នុងទីផ្សារពិភពលោកឡើងវិញកាលពីចុងឆ្នាំ ២០១៦ មក ទូរសព្ទលំដាប់កំពូលរបស់វាមិនទាន់ត្រូវបានបញ្ចេញនៅឡើយទេ។ ពោលគឺ វាមានតែ Nokia 3, 5, 6 និង 3310 ដែលជាប្រភេទទូរសព្ទតម្លៃមធ្យម និងទាបប៉ុណ្ណោះ។
នៅក្នុងវីដេអូឃ្លីបថ្មីមួយ ទម្លាយចេញដោយអ្នកបើកកកាយព័ត៌មានសម្ងាត់ទូរសព្ទដ៏ល្បីល្បាញ គឺលោក Evan Blass បានបង្ហាញឱ្យឃើញថា Nokia ស៊េរីបន្ទាប់អាចនឹងបំពាក់កាមេរ៉ាភ្លោះនៅពីក្រោយ ហើយវានឹងចេញពីរម៉ូឌែល គឺ Nokia 8 និង Nokia 9។

តាមរយៈវីដេអូពញ្ញាក់អារម្មណ៍មួយដែលលោក Blass បានបង្ហោះផ្សាយនៅលើទំព័រ Twitter របស់ខ្លួន បានរំលេចនូវទូរសព្ទ Nokia មួយខ្សែ ក្នុងនោះ គេឃើញមានម៉ូឌែលចម្លែកពីរ បំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ហើយវាអាចជាទូរសព្ទស៊េរីខ្ពស់ដែលក្រុមហ៊ុន HMD គ្រោងនឹងបញ្ចេញនាពេលឆាប់ៗខាងមុខ។
ទោះយ៉ាងណា វីដេអូដែលមានរយៈពេល ៣៩ វីនាទីនេះ គឺមិនមែនបង្ហោះផ្សាយជាផ្លូវការដោយក្រុមហ៊ុន HMD ផ្ទាល់នោះទេ។ ម្លោះហើយ គេនៅស្រពិចស្រពិលនៅឡើយចំពោះភាពពិតប្រាកដរបស់វា ប៉ុន្តែ កន្លងមក ព័ត៌មានដែល Evan Blass ទម្លាយច្រើនតែក្លាយជាការពិត និងអាចជឿទុកចិត្តបាន៕
ប្រភពព័ត៌មានៈ cnet
មតិយោបល់