ពោធិ៍សាត់ៈ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងជួញដូរសត្វព្រៃមួយករណី នៅចំណុចភោជនីយដ្ឋាន ម្លប់ស្បូវត្រជាក់ចិត្ត ស្រីឡូត ដែលមានទីតាំងលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១២៖២៥នាទី ថ្ងៃត្រង់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
កម្លាំងសមត្ថកិច្ចចូលរួមក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរសត្វព្រៃនេះ រួមមានក្រុមអន្តរាគមន៍បង្ក្រាបការជួញដូរសត្វព្រៃចល័ត នៃរដ្ឋបាលព្រៃឈើ ដោយសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ ផ្នែករដ្ឋបាលព្រៃឈើក្រគរ អាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថខេត្តពោធិ៍សាត់ អង្គការវ៉ាយអេត និងដោយមានការចូលរួមពីអាជ្ញាអរមូលដ្ឋានក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
សមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា សាច់សត្វព្រៃដែលរកឃើញ និងដកហូតបាន មាន ជ្រូកព្រៃ៧៧,៥គីឡូក្រាម ឈ្លូស៥៨គីឡូក្រាម ឆ្មាដាវ១ក្បាល ស្មើនឹង១គីឡូក្រាម ត្រកួត៧គីឡូក្រាម កាំប្រម៉ា៥គីឡូក្រាម អន្សង៥គីឡូក្រាម ទន្សាយ២២ក្បាល ស្មើនឹង២៧គីឡូក្រាម ជើងទន្សាយក្រៀម៤២ជើង ពស់សង់សឿ១,៥គីឡូក្រាម សរុប២២៦គីឡូក្រាម។
វត្ថុតាងសាច់សត្វព្រៃសរុបទាំង២២៦គីឡូក្រាម នឹងត្រូវយកទៅកម្ទេច ឬកប់ចោលនៅខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់។ ជាមួយគ្នានេះ សមត្ថកិច្ចចម្រុះកំពុងស្រាវរកអ្នកពាក់ព័ន្ធបទល្មើសនេះឲ្យចូលខ្លួនមកចាត់ការតាមនីតិវិធី៕
មតិយោបល់