ភ្នំពេញ: រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកមាន់១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ដូចហោះហើយបានវាក់អើជាមួយ ក្មេងប្រុសម្នាក់កំពុងជិះកង់ តាមផ្លូវរថយន្តនោះគេចចេញ ក្នុងស្ថានភាពភ័យស្លន់ស្លោរ និងបានជាន់ហ្វ្រាំងអូសជាង៥០ម៉ែត្រ ប៉ុន្តែមិនជាប់ក៏បានរេចង្កូត ជ្រុលទៅបុកបង្គោលភ្លើង មុខផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យក្រឡាប់បះជើង ទាំងកំរោលតែម្ដង ហើយអ្នកបើកបររងរបួសស្រាលប៉ុណ្ណោះ ហើយក៏សំណាងដែរ ដែលមិនបានបង្កឲ្យមានគ្រោះថ្នាក់ដល់អ្នកភូមិ។
ហេតុការណ៏នោះបានកើតឡើងកាលពីវេលា ម៉ោង១និង១០នាទី រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ នៅតាមផ្លូវលំក្រួសក្រហម ត្រង់ចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
រថយន្តដែលក្រឡាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ2A-1760 បើកបរ ដោយបុរសម្នាក់ឈ្មោះ ជុំ វាសនា អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិទួលខ្លុង ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល។ រថយន្តនោះបានរងការខូចខាត ក្រពឹតខ្ទេចមុខយ៉ាងដំណំ ចំណែកអ្នកបើកបរវិញបានរងរបួសស្រាល។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ្ រថយន្ត្កមួយគ្រឿងនេះ បើកបរក្នុងល្បឿនយ៉ាងលឿន ដូចព្យុះក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ មានក្មេងប្រុសម្នាក់ កំពុងជិះកង់ តាមផ្លូវស្របទិសគ្នានៅខាងមុខ បានធ្វើឲ្យរថយន្តនោះវាក់អើ។ ពេលនោះបានបើកគេចចេញ ពីក្មេងនិងជាន់ហ្វ្រាំង អូសទៅមុខជាង៥០ម៉ែត្រ តែជាន់មិនជាប់ ក៏បានជ្រុលទៅបុកបង្គោលភ្លើង និងក្រឡាប់តែម្ដង។
ប្រជាពលរដ្ឋដែលស្ថិតនៅទីនោះ បាននិយាយថា ក្រុមរថយន្តដឹកមាន់ដែលជួបគ្រោះថ្នាក់ចរាចរណ៍នេះ គឺ បើកលឿនខ្លាំងណាស់ មិនបានគិតពីសុវត្ថិភាព អ្នករស់នៅក្នុងភូមិឡើយ ហើយពួកគាត់តែងតែគិតថា នៅថ្ងៃណាមួយ និងមានរឿងកើតឡើង ឥលូវដូចជាការគិតរបស់ពួកគាត់មែន ហើយពួកគាត់ក៏ចង់ឲ្យប៉ូលិស ហៅអ្នកបើកបររថយន្តនោះ ទៅធ្វើការអប់រំធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរលឿន តទៅទៀតផងដែរ។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានអនុញ្ញាត ឲ្យម្ចាស់រថយន្ត ចចារជាមួយតំណាងអគ្គិសនីដើម្បីបញ្ចប់រឿង៕
មតិយោបល់