ព័ត៌មានជាតិ

រថយន្តស្ទូចបើកបុកម៉ូតូ របួសបាក់ជើងម្នាក់

ភ្នំពេញៈ បុរសម្នាក់បានរងរបួសបាក់ជើងម្ខាង និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលកំពុងជិះម៉ូតូឌុបគ្នាសុខៗ ត្រូវរថយន្តមួយគ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យដួលហើយគៀបជាមួយរថយន្តត្រូវបានគេបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរ។ ចំណែកអ្នកបើកបររថយន្តបង្កបាន រត់គេចខ្លួនទៅបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះឡើយ ហើយនៅពេលកើតហេតុ គេបានឃើញជនរងគ្រោះខាងលើ រួមជាមួយនិងបុរសម្នាក់ទៀត បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BH-1132 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តស្ទូច១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-3473 ដែលមានដឹកឈើនៅលើរថយន្ត ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសគ្នាពីកើតទៅលិច បានបត់ឆ្វេងបំណងចូលទៅទួលពង្រ បានបុកបណ្ដាលឲ្យដួលគៀបជាប់ខាងក្រោមរថយន្តរងរបួសធ្ងន់និងស្រាលតែម្ដង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅនឹងកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ ធ្វើការវាស់វែង នាំយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយបន្តទៀត៕

https://youtu.be/YTJHu19203M

មតិយោបល់