កាលពីព្រឹកមិញនេះ នាឱកាសកម្មវិធីអបអរគំរប់ខួប ២០ឆ្នាំ នៃក្រុមហ៊ុនអចលនទ្រព្យ CPL លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល បានពន្យល់ពី កត្តា ៤យ៉ាង ដែលជម្រុញឲ្យ ក្រុមហ៊ុនអចលនទ្រព្យ CPL ឈរជើងបានយ៉ាងរឹងមាំជាង ២០ឆ្នាំ នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
កត្តាចម្បងដំបូងគឺ ក្រុមហ៊ុនមានធនធានមនុស្សគ្រប់គ្រាន់ ដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ការងារល្អ ក្នុងការបំពេញការងារ។
លើសពីនេះទៅទៀត ការបំពេញការងារ ត្រូវមានភាពស្មោះត្រង់ ធ្វើអ្វីៗដោយតម្លាភាព ចំពោះដៃគូអាជីវកម្ម និងអតិថិជន។
លោកបានបន្តថា ទំនាក់ទំនងល្អក្នុងសង្គម និងជាមួយដៃគូអាជីវកម្ម ជារឿងមួយដ៏ចំាបាច់មិនអាចខ្វះបាន គឺត្រូវមានទំនាក់ទំនងល្អជាមួយ អ្នករកស៊ីក្នុងវិស័យនេះ និងក្រុមហ៊ុនធំៗមកវិនិយោគនៅកម្ពុជា។
ចុងក្រោយគឺ ទំនុកចិត្ត និងការជឿជាក់ពីអតិថិជន ដែលជាកត្តាដ៏សំខាន់មួយ ក្នុងការរុញច្រានក្រុមហ៊ុន ឲ្យឈានទៅមុខ ទៅរកភាពជោគជ័យ ហើយត្រូវកសាងទំនុកចិត្តពីអតិថិជនទាំងក្នុង និងក្រៅប្រទេស រួចបន្តរហូតដល់ ការទទួលស្គាល់ជាអន្តរជាតិ។
ក្រុមហ៊ុនអចលនទ្រព្យ CPL ក៏មានបំណងពង្រីកសាខាទូទាំង ២៥ខេត្តក្រុង នាពេលខាងមុខ ដោយប្រកាន់ជំហរផ្តល់សេវាកម្ម ប្រកបដោយគុណភាព រហ័សទាន់ចិត្ត និងបន្ថែមបច្ចេកវិទ្យាទំនើប ដើម្បីគ្រប់គ្រងអចលនទ្រព្យឲ្យកាន់តែប្រសើរ កាន់តែងាយស្រួលសម្រាប់អតិថិជន។
គួរជម្រាបដែរថា លោក ចេង ខេង ជឿជាក់ថា វិស័យអចលនទ្រព្យនៅកម្ពុជា នឹងនៅតែដំណើរការយ៉ាងល្អប្រសើរ ទូទាំងខេត្តក្រុង ទោះបីជា ការបោះឆ្នោតខិតចូលមកដល់៕
មតិយោបល់