ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ ត្រូវបានក្រុមជនសង្ស័យជិះម៉ូតូជាច្រើនគ្រឿង វាយប្លន់យកម៉ូតូបានសម្រេច។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវលេខ៣០៦ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សៀត ពិសី ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ម៉ាកស៊ុយសុគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CU-2045 និងមិត្តភក្តិ៩នាក់ជិះម៉ូតូ៤គ្រឿង ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នាប្រហែល៣០នាក់ ជិះម៉ូតូ ១៥គ្រឿង ធ្វើសកម្មភាពវាយជនរងគ្រោះតដៃមិនកើត ក៏ផ្តួលម៉ូតូរត់គេចខ្លួន ហើយជនសង្ស័យក៏លើកម៉ូតូជនរងគ្រោះ១គ្រឿងជិះគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល បឹងកេងកង១ទាំងសោកស្តាយ៕
មតិយោបល់