ព័ត៌មានជាតិ

យុវជន ២នាក់ ត្រូវជនសង្ស័យដកកាំបិតកាប់ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូតាមផ្លូវ

បាត់ដំបង: នៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ មានករណីយុវជន​ ២ក្រុមជិះម៉ូតូដេញកាប់គ្នា ស្ថិតតាមបណ្ដោយផ្លូវភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះឈ្មោះ លន់ កែវ ភេទប្រុស អាយុ ១៧ឆ្នាំ (រងរបួសធ្ងន់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ) រស់នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ផាន ភក្តី ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង (អ្នកឌុប) រងរបួសក្បាលខាងឆ្វេងមួយកន្លែង ៥ថ្នេរ។

ជនសង្ស័យជិះម៉ូតូម៉ាក អ៊ីសិចទ័រ ពណ៌ខៀវ គ្មានស្លាកលេខ មិនស្គាលអត្តសញ្ញាណ។

មូលហេតុ៖ គំនុំ។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូជាក្រុមមានចំនួន ៤គ្រឿង លុះមកដល់ចំណុចខាងលើ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះដេញមកពីក្រោយ ដកកាំបិតកាប់បណ្ដាលឲ្យជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់ ក្រោយពេលកាប់រួចពួកគេ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីតាមចាប់យកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់