ព័ត៌មានបច្ចេកវិទ្យា

Facebook គ្រោងបន្ថែមមុខងារក្នុង Facebook Live ថ្មីពីរ សម្រាប់ iOS និង Android

ក្រុមហ៊ុន Facebook កំពុងត្រៀមដាក់បន្ថែមនូវមុខងារថ្មីពីរក្នុង Facebook Live លើកម្មវិធីបណ្តាញសង្គមរបស់ខ្លួន សម្រាប់ប្រព័ន្ធ Android និង iOS ឆាប់​ៗ​ខាងមុខ ដើម្បីបន្ថែមបទពិសោធឱ្យកាន់តែប្រសើរទៅដល់អ្នកប្រើប្រាស់ក្នុងពេលវេលាជាក់ស្តែងជាមួយមិត្តភក្តិ។

មុខងារទាំងពីរនោះ គឺមានឈ្មោះថា Live Chat With Friend និង Live With។ វាត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវមធ្យោបាយថ្មីបន្ថែម ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ ពេលកំពុងទស្សនាវីដេអូថតផ្សាយផ្ទាល់តាមទូរសព្ទ។ ក្នុងនោះ Live Chat With Friend នឹងអនុញ្ញាតឱ្យលោកអ្នកអញ្ជើញ Friend ឱ្យចូលរួមធ្វើការឆ្លើយឆ្លងសារជាលក្ខណ:ឯកជន លើវីដេអូកំពុងថតផ្សាយផ្ទាល់ជាសាធារណ:។

ដោយឡែក Live With នឹងអនុញ្ញាតឱ្យលោកអ្នកអញ្ជើញមិត្តភក្តិឱ្យចូលទស្សនាវីដេអូដែលកំពុងថតផ្សាយផ្ទាល់របស់ខ្លួន តាមរយ:ការជ្រើសរើសនរណាម្នាក់ធ្វើជា Guest ក្នុងចំណោមអ្នកដែលកំពុងទស្សនា ឬចុចលើពាក្យអធិប្បាយមួយរបស់ពួកគេ។ យ៉ាងណាមិញ Friend របស់លោកអ្នក ក៏មានសិទ្ធិបដិសេធចំពោះការអញ្ជើញផងដែរ។

មុខងារ Live With នេះ នឹងមានតែនៅលើ iOS Devices (iPhone, iPad, & iPod Touch) ប៉ុណ្ណោះ ប៉ុន្តែ វាអាចដំំណើរការទាំងនៅលើ Facebook Profile និង Page។

យោងតាមក្រុមហ៊ុនបណ្តាញសង្គមដ៏មានប្រជាប្រិយនេះ មុខងារទាំងពីរនឹងដាក់សាកល្បងនៅក្នុងប្រទេសមួយចំនួន រួចនឹងដាក់ចេញសម្រាប់គ្រប់គ្នាប្រើប្រាស់នៅក្នុងអំឡុងរដូវក្តៅ (ខែមិថុនា-កញ្ញា) ខាងមុខ៕

ប្រភពព័ត៌មាន: phonearena

មតិយោបល់