ភ្នំពេញៈ បុរសម្នាក់ត្រូវបានជនខិលខូច២នាក់ទៀត ធ្វើសកម្មភាពប្រើល្បិចថាជួលទៅលើកភេសជ្ជៈដាក់រថយន្ត ប៉ុន្តែពេលទៅដល់គោលដៅនៅផ្សារឃ្លាំងរំសេវស្រាប់តែបង្ខំឲ្យយកម៉ូតូទៅដាក់បញ្ចាំនៅកុងស៊ី របស់ឈ្មោះហ៊ា ម៉ាប់ ក្នុងតម្លៃ៥០០ដុល្លារ បន្ទាប់មកជនសង្ស័យទាំង២នាក់នោះ បានយកលុយទាំងអស់រួចបានគេចខ្លួនទៅបាត់ស្រមោល។
ចំណែកជនរងគ្រោះក្រោយពេល ចាញ់បោកគេអស់ម៉ូតូ បានទៅ ប្ដឹងនគរបាលប៉ុស្ដិ៍ចោមចៅ កាលពីកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ហើយទំនងខ្លាចប្រពន្ធស្ដីបន្ទោស ក៏បានកុហកនគរបាលថា ខ្លួនត្រូវមនុស្សប្រុស២នាក់ដាក់ថ្នាំសណ្ដំយក ម៉ូតូ១គ្រឿងទៅបាត់ ប៉ុន្តែភ្លាមៗនោះនគរបាលមិនបានជឿនោះទេ ក៏បានសួរដេញដួល រហូតជននោះប្រាប់ ។
បុរសនោះបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ដោយខ្លួនបានជួបក្រុមជនសង្ស័យខាងលើ នៅត្រង់ចំណុចមុខរោងចក្រកាត់ដេរមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះខាងលើនោះ ឈ្មោះ សន ម៉ាញ អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយម៉ូតូដែលបាត់បង់នោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-9314។
នៅមុនពេលកើតហេតុបុរសនោះ បានដឹកប្រពន្ធ ទៅធ្វើតេស្ដរកការងារធ្វើនៅរោងចក្រកាត់ដេរខាងលើ លុះពេលប្រពន្ធចូលទៅធ្វើតេស្ដបាត់ បុរសនោះបានអង្គុយចាំនៅលើម៉ូតូស្រាប់តែ លេចមុខជនសង្ស័យ២នាក់ ដើរទៅជិត រួចបានជួល ឲ្យជនរងគ្រោះទៅលើកភេសជ្ជៈខារ៉ាបាវ នៅម្ដុំផ្សារឃ្លាំងរំសេវដោយឲ្យតម្លៃពលកម្មចំនួន៥ម៉ឺនរៀល ខណៈដែលខ្លួនកំពុងអត់លុយស្រាប់ផង ក៏បានទៅលើកហើយបានឌុបជនសង្ស័យទាំង២នាក់នោះ លុះពេលទៅជិតដល់ ស្រាប់តែជននោះយកកាំបិតភ្ជង់បង្ខំឲ្យបញ្ចាំម៉ូតូ ក្នុងតម្លៃ៥០០ដុល្លារ និងយកលុយគេចខ្លួនបាត់ស្រមោលអស់តែម្ដង៕
https://youtu.be/Bh49oYhhz9s
មតិយោបល់