កំពង់ស្ពឺៈ កម្មការិនីរោងចក្រកាត់ដេម្នាក់ ត្រូវបានរថយន្តសណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍បុកពីក្រោយរួច កិនសាកសពបែកខ្ទេចខ្លីស្លាប់យ៉ាងអាណោចអាធមបំផុត ក្នុងថ្លុកឈាមខណៈពេលជនរងគ្រោះជិះម៉ូតូ ទៅធ្វើការងារ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់នេះ បានកើតមានឡើង កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ( ៣៣-៣៤ ) ត្រង់ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង បានប្រាប់ថា ជនរងគ្រោះ ដែលស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើមាន ឈ្មោះ ឃុត សុខេត ភេទស្រី អាយុ ២៨ឆ្នាំ ជាកម្មការិនីរោងចក្រ សាងវ៉ូ មានទីលំនៅ ភូមិកែវមុន្នី ឃុំសំរោងទង ស្រុកសំរោងទង ជិះម៉ូតូម៉ាក ហុងដាសេ១២៥ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1B.2650 ធ្វើដំណើរពីទិសខាងលិចទៅកើត។
លោកបន្តថា រថយន្តបង្ករគ្រោះថ្នាក ម៉ាកហ៊ីយ៉ិនដាយ ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ពាក់ផ្លាកលេខ កំពង់ធំ 3A.1777 អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ បានចុះរត់គេចខ្លួនបាត់ស្រមើល ធ្វើដំណើរស្របទិសគ្នា។
សាក្សី បានរៀបរាបថា មុនពេលកើតហេតុ កម្មការិនីរងគ្រោះបានជិះម៉ូតូម្នាក់ឯង ពីលិចទៅកើត លុះមកដល់ជិតផ្លូវចូលរោងចក្រហើយនោះ ស្រាប់តែមានរថយន្ត សណ្តោងរ៉ឺម៉កដឹកស៊ីម៉ង់ត៍មួយគ្រឿង ធ្វើដំណើរស្របគ្នាបានបុកពីក្រោយពេញមួយទំហឹង អូសជាច្រើនម៉ែត បណ្តាលឱ្យកិនជនរងគ្រោះបែកខ្ទេចសាកសពស្លាប់គួរឱ្យរន្ធត់បំផុត ។
ប្រភពបន្តទៀតថា បន្ទាប់បុកម៉ូតូជនរងគ្រោះ និងកិនសាកសពបែបនេះ អ្នកបើកបរ រថយន្តបង្ករហេតុ បានចុះរត់គេចខ្លួនបាត់ ភ្លាមៗនោះ កំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថ និង នគរបាលបានចុះអន្តរាគមន៍សម្រួលចរាចរាណ៍ នឹងធ្វើការវាស់វាងតាមនីតិវិធី ។
សាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារទទួលយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ហើយវត្ថុតាង ទាំងពីររក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកសំរោងទង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់