ភ្នំពេញៈ លោក ឡុង កេសភារម្យ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ម្សិលមិញ បានប្រកាសសាលក្រមសម្រេច ផ្តន្ទាទោសបុរសម្នាក់ ដាក់ពន្ធនាគារ កំណត់រយៈពេល ១ឆ្នាំ និង៩ខែ ប៉ុន្តែត្រូវអនុវត្តទោស ត្រឹមតែ៣ខែ និង១៥ថ្ងៃតែប៉ុណ្ណោះ និងពិន័យជាប្រាក់ចំនួន ៤លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ បើកបរធ្វេសប្រហែសបណ្តាល ឲ្យអ្នកដទៃស្លាប់ និងរបួស ប្រព្រឹត្តកាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ នៅចំណុច ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បទល្មើស ដែលមានចែងឲ្យផ្តន្ទាទោស តាមប្បញ្ញត្តិមាត្រា៨៥ និងមាត្រា៨៣ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
ជនជាប់ចោទមានឈ្មោះ រ៉ាត់ វីរៈដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានលោកស្រី ថ្លាង ផាណែត ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកា សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារ PJ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ កន្លងទៅ ក្រោយរកឃើញថា ជនជាប់ចោទបានបើក រថយន្តទៅ បុកម៉ូតូចំនួន២គ្រឿង ផ្ទុះឆេះបណ្តាលឲ្យ មានមនុស្សស្លាប់២នាក់ និងរបួស៤នាក់។
គួររំឮកថា កាលពីយប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើង នៅចំណុចផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រវាងរថយន្តម៉ាក Camry Hybrid ពណ៌ស ស៊េរី២០០៩ ពាក់ស្លាកលេខ ភ្នំពេញ 1W-6796 បើកបរដោយជនជាប់ចោទ ខាងលើក្នុងទិសដៅ ពីជើងទៅត្បូង បានបុកជាមួយម៉ូតូចំនួន ២គ្រឿងម៉ាក Viva ពណ៍ខ្មៅ និង ម៉ាក Smash V ពណ៍ខ្មៅ (ទិសដៅស្របគ្នា) បណ្តាលឲ្យផ្ទុះឆេះមនុស្សស្លាប់ចំនួន ២នាក់ និងរបួសមនុស្ស៤នាក់។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានរិះគន់ លើចំណាក់ការមួយ ចំនួនរបស់តុលាការថា មានពេលខ្លះតុលាការ ឆាប់ចាត់ការសំណុំរឿងមួយ ពោលគឺចាត់ការ ទាន់ពេលវេលា ដែលច្បាប់បានកំណត់ ឬបានមុនពេល កំណត់ទៅទៀត ខណៈដែលសំណុំរឿង ដូចគ្នាខ្លះត្រូវគេឃុំខ្លួន ត្រូវចោទលើសនីតិវិធីក៏មាន។ ជាក់ស្តែងសំណុំរឿង ជនជាប់ចោទឈ្មោះ រ៉ាត់ វីរៈដារ៉ូ បានបើកបរបុក មនុស្សស្លាប់រហូតទៅដល់ ២នាក់ និងរងរបួស៤នាក់ ត្រូវបានតុលាការ សម្រេចអនុវត្តទោសត្រឹមតែ ៣ខែកន្លះតែប៉ុណ្ណោ និងត្រូវបានតុលាការ លើកយកមកកាត់ក្តី ក្នុងរយៈពេលមួយឆាប់រហ័ស៕
https://www.youtube.com/watch?v=e8UVQqxjUXU&feature=youtu.be
មតិយោបល់