បាត់ដំបងៈ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើង បង្កដោយជនសង្ស័យចំនួន២នាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ត្រង់ចំណុចរង្វង់មូល នាងរំសាយសក់ ក្រុមទី៣ ភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ឌុង សំណាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្រុមទី៧ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ ដំបង (របួសបាក់ឆ្អឹងដងកំបិតឆ្វេង) និងទី២ឈ្មោះ ស៊ិន ថារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅក្រុមទី២ ភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង (របួសធ្ងន់)កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ បញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ទី១ឈ្មោះ ជា សុភាព ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្រុមទី៦ភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ (សហការី) និងទី២ឈ្មោះ ភូ ភូសា ហៅអាសា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង(ជនដៃដល់)។
វត្ថុតាងចាប់យករួមមាន កាំភ្លើងខ្យល់១ដើម កែច្នៃបាញ់គ្រាប់កង់។
ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនបានប្រើប្រាស់គ្រឿងញៀន និងចែកចាយគ្រឿងញៀន ហើយប្រើអំពើហិង្សាដោយចេតនា គប់ដំឥដ្ឋនិងបាញ់កាំភ្លើងខ្យល់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យបានបន្ថែមទៀតថា ការប្រើអំពើហិង្សានេះ គឺកើតឡើងដោយសារ ជនរងគ្រោះជិះម៉ូតូវ៉ា ហើយសម្លឹងមើលមុខខ្លួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់និងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់