ភ្នំពេញៈ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី២ រួមជាមួយនិងរថយន្តlexus RX330 ១គ្រឿង ពាក់ព័ន្ធករណី ជួញដូរសេរីរាង្គ វះកាត់ដូរក្រលៀន ដោយមានការបញ្ជាផ្ទាល់ដោយ លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ ចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យម្នាក់ និងម្នាក់ទៀត ឃាត់បាននៅចំណុចផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យទី១ មានឈ្មោះ ឡាច ហុងម៉េង ភេទប្រុស អាយុ៣៤ឆ្នាំ ឃាត់ខ្លួននៅចំណុចស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តុបបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុកព្រៃកប្បាស ខេត្តតាកែវ។ ជនសង្ស័យទី២ មានឈ្មោះ អើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើតនៅ ស្រុកកញ្ចៀច ខេត្តព្រៃវែង។
ចំណែកជនរងគ្រោះ មានឈ្មោះ ញួន សុខហេង ភេទស្រី អាយុ២៧ឆ្នាំ។
នគរបាលដដែលបានឲ្យដឹងថា មុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់នេះ កម្លាំងនគរបាលយើងទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ ថាជនសង្ស័យប្រុសស្រីទាំង២នាក់បាននាំ ជនរងគ្រោះ ទៅវះកាត់ដូរក្រលៀននៅប្រទេសឥណ្ឌា ដូច្នេះកម្លាំងនគរបាលយើងទទួលបាន ក៏រាយការណ៍ជូនទៅលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំដីកានាំខ្លួន ជនសង្ស័យប្រុសស្រីទាំង២នាក់ រួមទាំងដកហូតរថយន្ត១គ្រឿងម៉ាក Lexus RX 330 ពណ៌ប្រផះ គ្មានស្លាកលេខ មកសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន តែម្ដង។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង២នាក់ រួមទាំងរថយន្ត ត្រូវបានកម្លាំងនគរបាលនាំមកឃុំខ្លួនបណ្ដោះអាសន្ននៅការិយាល័យជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់