ព័ត៌មានជាតិ

រន្ធត់ចិត្ត! ឪពុកនិងកូនត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័ម

បាត់ដំបងៈ លោកវរសេនីយ៍ទោ គិត ហ៊ាង អធិការស្រុកមោងឫស្សី បានប្រាប់Post News ថា មានករណីឆក់ខ្សែភ្លើង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងម្នាក់ទៀតសន្លប់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង២០នាទីល្ងាច ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចក្រុមទី២ ភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ជនរងទាំង៣នាក់ ទី១ឈ្មោះ ជឿន មុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី (ស្លាប់),ទី២ឈ្មោះ ម៉ុន ម៉ៃ ភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់) ជាកូនរបស់ឈ្មោះជឿន ម៉ុន និងទី៣ឈ្មោះ វ៉េត ធី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកាឡោមភ្លុក ឃុំព្រៃស្វាយ ស្រុកមោងឬស្សី បានរត់ទៅជួយក៏ឆក់បណ្តាលឲ្យសន្លប់។

លោកអធិការស្រុកបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឆក់ ដោយសារតែខ្សែភ្លើងកកិតរលត់ស្រោមប៉ះនិងដងអង់តែនទូរទស្សន៍ជាប់និងដំបូលស័ង្កសីឆ្លងដល់បន្កាន់ដៃជណ្តើរ ខណៈភ្លៀងរលឹមស្រិចៗ ដែលឥឪពុកនិងកូនឡើងទៅលើផ្ទះ។

ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់